ព័ត៌មានជាតិ

រថយន្តដឹកអេតចាយ បើកបុកម៉ូតូFTR បណ្តាលឲ្យបុរស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ព្រៃវែង: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តដឹកអេតចាយ ធន់ធំមួយគ្រឿង បើកខ្វះការប្រុងប្រយត្ន័ ទៅបុកជាមួយនឹងម៉ូតូម៉ាក FTR ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យបុរស២នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០១៥ ស្ថិតមុខផ្ទះសំណាក់យីហោ វ៉ាន វ៉េងជា ៩៩៩ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៦-៤៧ ភូមិពោធិ៍ចិន្តា ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Dae Woo ក្បាលពណ៌ ខៀវទ្រុងពណ៌ស ដឹកអេតចាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1931 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីជើងទៅត្បូង លុះបានមកដល់ចំណុចកើតហេតុ ក៏បានបើកបុកជាមួយនឹងម៉ូតូម៉ាក FTR ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BT-4563 ដែលកំពុងជិះឌុបគ្នាដោយបុរស២នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីត្បូងទៅជើងពេញទំហឹង បណ្តាលឲ្យរថយន្តបុកម៉ូតូ រុញកិនថយក្រោយ ស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យឯកជនស្វាយអន្ទរ។

ក្រោយពីកើតហេតុ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅ ប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរ ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះនៅមិនទាន់រកក្រុមគ្រួសារឃើញនៅឡើយនោះទេ៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់