ភ្នំពេញ៖ ក្រោយពីជ្រុះចេញពីកម្មវិធី The Voice Cambodia តារាចម្រៀងពិការភ្នែក ប្រុក ចាន់ថន បានធ្វើឲ្យប្រិយមិត្ត ជិតឆ្ងាយ សរសើរ មិនដាច់ពីមាត់ ជាមួយនឹងសំនៀងក្រអួនក្រអៅ ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកតែម្តង ។
ខណៈដែលគ្មានភ័ព្ទសំណាងអាចបន្តទៅកាន់វគ្គបន្តកម្មវិធីដំបូងនៅកម្ពុជា តារាចម្រៀងពិការភ្នែក ប្រុក ចាន់ថន ត្រូវបាន ខាងផលិតកម្ម BKS ចាប់អារម្មណ៍អាណិតស្រលាញ់ ឲ្យចូលច្រៀងនៅផលិតកម្ម របស់ខ្លួន មកទល់នឹងពេលនេះ ចេញបាន ១ បទ ក្រោមចំណងជើងថា “ពិការកាយ ឥតពិការចិត្ត” ទទួលបានការគាំទ្រ យ៉ាងខ្លាំង។
ពីក្រោយភាពល្បីល្បាញមួយអន្លើ លើជំហានដំបូង ក្នុងវិស័យ សិល្បៈ តើ ប្រុក ចាន់ថន មានភាពលំបាកអ្វីខ្លះ ក្នុងជិវិតមុនក្លាយជាតារាចម្រៀងរបស់ផលិតកម្ម BKS ?
មិនថាអ្នកមាន អ្នកក្រ ឬ មនុស្សនៅប្រទេសណា នោះទេ តែងតែមានភាពលំបាកខុសៗគ្នា តែភាពលំបាករបស់គេតិច ឬច្រើនតែប៉ុណ្ណោះ ។ ក៏ប៉ុន្តែសម្រាប់ ប្រុក ចាន់ថន យើងមិនទាន់និយាយដល់ផ្លូវចិត្តរបស់លោក យើងក៏អាចម៉ៃដឹងខ្លះថា ក្នុងជីវភាព និងសកម្មភាពរស់នៅប្រចាំថ្ងៃពិតជាជួបភាពលំបាក ព្រោះថាគាត់ជាជនពិការភ្នែក ដោយមិនអាចមើលឃើញអ្វីៗបានសព្វគ្រប់ជ្រុងជ្រោយនោះឡើយ ។ បើមើល និងវិភាគឲ្យស៊ីជម្រៅ នោះ ប្រុក ចាន់ថន គឺមានភាពលំបាកខ្លាំងណាស់ ដោយ ដើរច្រៀងតាមហាងផ្សេងៗ ដើម្បីយកកម្រៃ មកផ្គត់ផ្គង់គ្រួសារ ក៏ប៉ុន្តែកម្រៃ ទាំងនោះ វាមិនបានជួយឲ្យជីវិតលោក ភ្លឺថ្លា ដូចជនដទៃទៀត ដែលមានភ្នែកភ្លឺឡើយ ។សម្តីអួលដើមករ ទឹកភ្នែករលីងរលោង ប្រុក ចាន់ថន បានរ៉ាយរ៉ាប់ជីវិតពិត ជាមួយនឹងស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុកមួយ ឲ្យដឹងថា “កាលពីខ្លួនមិនទាន់បានចូលប្រឡងក្នុងកម្មវិធី The Voice Cambodia ខ្ញុំត្រូវដើរច្រៀងតាមហាងរាល់រាត្រី នៅខេត្តកំពង់ចាម តែកម្រៃដែលបានមក វាមិនគ្រប់ឈ្នួល ដែលខ្លួនជិះម៉ូតូឌុបឡើយ ដោយមានហាងជាច្រើន មិនទទួលឲ្យច្រៀង ដោយគេមានក្រុមគេប្រចាំ ពោលគឺខាតដើម ដោយមួយយប់អាចច្រៀងបានតែ ២ ភោជនីយដ្ឋាន បានកម្រៃ ៣ ទៅ ៤ ម៉ឺន ខណៈ ឈ្នួលម៉ូតូឌុប ជិះអស់ ១០ ម៉ឺន និងយប់ខ្លះអត់សោះក៏មានដែរ ” ។ ក្រោយពីចូលច្រៀងនៅ The Voice Cambodia ខ្លួនធ្លាក់មែនពិត តែបានខាង ផលិតកម្ម BKS អាណិតអាសូរយកខ្លួនមកច្រៀង និងឧត្តម្ភគ្រប់បែបយ៉ាង ដូចនេះ ខ្ញុំពិតជាអរគុណ ដល់ម្ចាស់ផលិតកម្ម អ្នកគ្រប់គ្រងវ័យក្មេង ឈុន សុវណ្ណភក្ដី ដែលអាណិតស្រលាញ់ខ្លួន និងផ្តល់លំនៅដ្ឋានឲ្យជ្រកកោន ខ្ញុំពិតជាអរគុណខ្លាំងណាស់។
បញ្ជាក់ផងដែរថា ក្រោយពី ប្រុក ចាន់ថន ធ្លាក់ចេញពី កម្មវិធី The Voice Cambodia គ្រូបង្វឹកកម្មវិធីនេះ រួមមាន ឱក សុគន្ធកញ្ញា ណុប បាយ៉ារិទ្ធ ពេជ្រ សោភា និង ឆន សុវណ្ណរាជ រិះគន់យ៉ាងខ្លាំង ក៏ប៉ុន្តែ គ្រូបង្វឹកទាំង ៤ ក៏បានតបវិញថា វាខុសលក្ខណ្ឌ ព្រោះកម្មវិធីនេះតម្រូវឲ្យបេក្ខជនច្រៀងបទសម័យ ៕
ស្តាប់បទចម្រៀង “ពិការកាយ ឥតពិការចិត្ត” របស់ ប្រុក ចាន់ថន ដូចខាងក្រោមនេះ ៖
មតិយោបល់