មណ្ឌលគិរីៈ បុរសម្នាក់បានបាត់ជីវិតក្រោមគំនរឈើ បន្ទាប់ពីរូបគាត់បានជិះម៉ូតូដឹកឈើ ខណៈដែលផ្លូវកំពុងរអិល បណ្ដាលឲ្យដួលសង្កត់ស្លាប់ភ្លាមៗនៅនឹងកន្លែង ទាំងព្រឹកព្រលឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ហេតុការណ៍នេះ ត្រូវបានគេសង្ស័យថា មានការដេញជំរិតទារប្រាក់ពីអ្នកដឹកឈើម៉ូតូ ខណៈពលរដ្ឋដែលរស់នៅឃុំស្រែឈូកអះអាងថា មានក្រុមសមត្ថកិច្ចជាច្រើនស្ថាប័នឈរជើងតាមដងផ្លូវចាំយកលុយពីអ្នកដឹកឈើ ទាំងយប់ទាំងថ្ងៃ។
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង រស់នៅភូមិចក់ចារម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បច្ចុប្បន្នពួកគាត់ឃើញមានអ្នកដឹកឈើ តាមម៉ូតូក្នុងមួយថ្ងៃៗ ពី៥០គ្រឿងទៅ៧០គ្រឿងឯណ្ណោះ លើកលែងតែមេឃភ្លៀងទេ ដែលក្រុមអ្នកដឹងទាំងនោះមិនសូវធ្វើសកម្មភាព។ ប្រភដដែលបានបន្តថា ក្រុមអ្នកដឹកឈើទាំងនេះ ពួកគេបានដឹកឈើមកពី ក្រុមរការ ស្រុកអូររាំងខេត្តមណ្ឌលគិរី ហើយឆ្លងកាត់ភូមិចក់ចារ បន្តទៅឲ្យឈ្នួញឈើ ដ៏ល្បីឈ្មោះនៅស្រុកស្នួល នឹងជាម្ចាស់រោងសិប្បកម្មកែច្នៃឈើមានឈ្មោះ គង់ គ្រឹង ជាមន្ត្រីយោធា គ្មានសមត្ថកិច្ចជំនាញណាហ៊ានប៉ះនោះទេ ។
ចំណែកនៅតាមបណ្តោយផ្លូវ ដែលក្រុមអ្នកដឹកឈើឆ្លងកាត់ ក៏មានសមត្ថកិច្ចជាច្រើនស្ថាប័ន ដូចជា ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កម្លាំងអាវុធហត្ថខេត្ត ស្នាក់ការយោធា និងកម្លាំងចារកម្មក្រសួងមហាផ្ទៃទៀតផង ដែលចាំផ្លូវរាប់ក្បាលម៉ូតូគិតលុយ បើអ្នកណាមិនបានបង់ ឬភ្លេចបង់លុយត្រូវបានសមត្ថកិច្ចទាំងនោះធ្វើការដេញដូចដេញចាប់ចោរអ៊ីចឹង។
លោក កុយ ចំរើន មេប៉ុស្គិ៍ ស្រែឈូកបានប្រាប់ឲ្យដឹងថា “ពិតជាមានសមត្ថកិច្ចជាច្រើនស្ថាប័នមែន គេមានលិខិតបេសក្កកម្មរបស់គេ”។ លោកបានបន្ថែមទៀតថា ជនរងគ្រោះដែលស្លាប់ ដោយម៉ូតូដឹកឈើដួលសង្កត់ខាងលើមានឈ្មោះ គាន សុខន ភេទប្រុស អាយុ៣៩ឆ្នាំមានទីលំនៅភូមិមានជ័យទី៣ ឃុំស្រែចារ ស្រុកស្នួលខេត្តក្រចេះ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់