ព័ត៌មានជាតិ

លោក ញឹម វណ្ណដា ៖ ការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទាមទារពេលវេលា និងការចូលរួម

ទីក្រុងញ៉ូដេលី: លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណ:កម្មាធិការប្រតិបត្តិ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងទៅកាន់ប្រទេសជាសមាជិក នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ី ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៦នៅទីក្រុងញ៉ូដេលីថា ការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាការងារយូរអង្វែង និងមានភាពស្មុគ្រស្មាញ ដែលតម្រូវឲ្យប្រទេសទាំងអស់ដោះស្រាយរួមគ្នា។

ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីត្រឡប់មកពីចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ីនៅទីក្រុងញ៉ូដេលី លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងថា «យើងដឹងថា ក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥-២០៣០ បានផ្តល់នូវដំណោះស្រាយ សម្រាប់សង្គ្រោះអាយុជីវិត ជីវភាពរស់នៅ និងទ្រព្យសម្បត្តិ ក៏ដូចជា សម្រាប់ការកាត់បន្ថយបន្ទុកសារពើពន្ធទៅលើរដ្ឋាភិបាលផងដែរ»។

ក្នុងនោះដែរ លោកទេសរដ្ឋមន្រ្តី បានបង្ហាញពីអាទិភាពសំខាន់ៗ ដែលបានផ្តល់ទៅលើកាអនុវត្តន៍កិច្ចការជាច្រើនដូចជា ការធ្វើបច្ចុប្បន្នភាព ផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយឲ្យស្របទៅនឹងក្របខ័ណ្ឌការងារសេនដាយ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ពង្រឹងស្ថាប័ន និងការបង្កើតក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងធ្វើឲ្យល្អប្រសើរឡើង នូវយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅគ្រប់កម្រិត ដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់ប្រទេស។

ទន្ទឹមនឹងនោះ លោកញឹម វណ្ណដា បានបញ្ជាក់ថា ការកែសម្រួល និងធ្វើបច្ចុប្បន្នភាពផែន ការត្រៀមរៀបចំ និងការឆ្លើយតបគ្រោះមហន្តរាយ នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ឲ្យស្របទៅនឹងផែនការឆ្លើយតបគ្រោះមហន្តរាយរួមរបស់អាស៊ាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាមួយយន្តការជាតិ និងអន្តរជាតិ ដែលត្រូវបានបង្កើតឡើង និងសហគមន៍មនុស្សធម៌ក្នុងតំបន់។

លោកបានបន្តថា ក្នុងនោះគឺ ដាក់បញ្ចូល នូវគោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទៅក្នុងផែនការអភិវឌ្ឍន៍នៅគ្រប់កម្រិត។ បន្តពង្រឹង និងពង្រីកប្រព័ន្ធធានារ៉ាប់រង រួមទាំងការបន្តខិតខំបង្កើតផលិតផលធានារ៉ាប់រងថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតប និងហានិភ័យ នៃគ្រោះមហន្តរាយ ជាពិសេស ការធានារ៉ាប់រងអាយុជីវិត និងការធានារ៉ាប់រងខ្នាតតូច។ ពង្រឹងសមត្ថភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសនៅតាម សហគមន៍ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយផ្សារភ្ជាប់រវាងការបន្សុាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ពង្រឹងវេទិកាជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលមានស្រាប់ ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ UNISDR ស្តីពីការបង្កើតវេទិកាជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ៕

លោក ញឹម វណ្ណដា

លោក ញឹម វណ្ណដា

លោក ញឹម វណ្ណដា

លោក ញឹម វណ្ណដា

មតិយោបល់