ភ្នំពេញៈ កម្មការនីកាត់ដេរខោអាវតាមផ្ទះម្នាក់ បានលួចលុយថៅកែចំនួន ១០ដុល្លារទៅគូរយ័ន្តដាក់ស្នេហ៌ ដើម្បីឲ្យថៅកែតំឡើងប្រាក់ខែឲ្យ តែត្រូវថៅកែដឹង បានស្តីបន្ទោសឲ្យបន្តិចបន្តួច ក៏ជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារចាស់ តែសំណាងល្អត្រូវបានទូកអ្នកនេសាទនៅក្បែរនោះ ជួយសង្គ្រោះទាន់ពេលវេលា។
ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះដែលប៉ុនប៉ងសម្លាប់ខ្លួនមានឈ្មោះ ធួន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ កម្មការនីកាត់ដេរ មានកូនស្រីម្នាក់ និងមានប្តីឈ្មោះ ប៊ុនណា អ្នកទាំងអស់គ្នាស្នាក់នៅផ្ទះជួលសង្កាត់ទួលទំពូង ខណ្ឌចំការមន។ ស្ត្រីរងគ្រោះបានឲ្យដឹងថា ខ្លួនហើយនឹងប្តីបានធ្វើការជាមួយថៅកែនោះអស់រយៈពេល ៣ឆ្នាំមកហើយ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនថ្ងៃកើតហេតុ ជនរងគ្រោះបានយកលុយថៅកែចំនួន១០ដុល្លារពីក្នុងតុយកទៅគូរយ័ន្តបន្ទន់ចិត្ត ដើម្បីឲ្យថៅកែស្រលាញ់ចូលចិត្តតំឡើងប្រាក់ខែឲ្យ បន្ទាប់ពីគ្រូធ្វើមន្តបន្ទន់ចិត្តរួចហើយ ជនរងគ្រោះបានយកលុយទៅទុកនៅកន្លែងដើមវិញ។ ខណៈដែលយកទៅដាក់ ក៏ត្រូវបែកធ្លាយដល់ថៅកែ ហើយក៏សួរនាំ និងស្តីបន្ទោសយ៉ាងខ្លាំងៗ។
ក្រោយពីថៅកែស្តីបន្ទោសរួចមក ស្ត្រីរងគ្រោះបានតូចចិត្តមិនចង់រស់ ក៏បានហៅម៉ូតូឌុបជិះចេញពីផ្ទះជួលរបស់ខ្លួន មកស្ពានជ្រោយចង្វារចាស់ លុះជិះបានពាក់កណ្តាលស្ពាន ក៏ឲ្យម៉ូតូឌុបឈប់ រួចហើយស្ត្រីរូបនោះបានដើរសំដៅទៅបង្កាន់ដៃស្ពាន ហើយឡើងលើកនោះលោតចូលក្នុងទន្លេដើម្បីសម្លាប់ខ្លួន តែការស្លាប់នោះមិនដូចបំណង ដោយលិចចូលទឹកហើយ ថប់ដង្ហើមទើបធាក់ឡើងលើវិញ ខំប្រឹងហែលរកច្រាំង ហើយក៏ត្រូវបានទូកនេសាទជនជាតិខ្មែរឥស្លាមជួយចេញអន្តរាគមន៍សង្គ្រោះទាន់ពេលវេលាតែម្តង។
បច្ចុប្បន្នស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចកំពុងសាកសួរនាំនៅក្រោមស្ពានក្នុងគោលដៅទី៣ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកយកទៅផ្ទះវិញ៕
មតិយោបល់