ព័ត៌មានជាតិ

ស្រ្តីម្នាក់ ត្រូវលោក​ប្ដីហេងស៊យវាយយកលុយ ម៉ូតូ និងទូរសព្ទ ហើយគេចខ្លួនបាត់

ភ្នំពេញៈ ស្រ្តីចំណាស់ម្នាក់ បានរត់ទៅប្តឹងប៉ូលិស បន្ទាប់ពីប្តីវាយដណ្តើមយកម៉ូតូ លុយជាង១ពាន់ដុល្លារ និងទូរសព្ទ ហើយគេចខ្លួនបាត់ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួលភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីដែលរត់មកប្ដឹងនោះ មានឈ្មោះ កែវ សុផា អាយុ៤២ឆ្នាំ មុខរបរ លក់ទិញមាន់ កំពត-ភ្នំពេញ មានទីលំនៅ ស្រុកអង្គជ័យ ខេត្តកំពត។ ចំណែកប្តីមានឈ្មោះ លី កិ អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ក្រោយពីលែងលះគ្នា ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ មានស្រុកកំណើត ខាងខេត្តព្រៃវែង។

សម្ភារៈ ដែលត្រូវលោកប្ដីហេងស៊យវាយ ហើយប្រមូលយកទៅនោះរួមមានៈ ម៉ូតូ ហុងដា សេ១០០ ស៊េរី៩៩ ពណ៌ខ្មៅមួយគ្រឿង លុយជាង១ពាន់ដុល្លារ ទូរសព្ទដៃមួយគ្រឿង។

តាមស្រ្តីរងគ្រោះបានឲ្យដឹងថា គាត់បានប្តីខាងលើមិនបានរៀបការឡើយ តែបានលែងលះគ្នាអស់រយៈ៣ខែមកហើយ រហូតមកដល់រសៀលថ្ងៃទី៧ ខែវិច្ឆិកានេះ បន្ទាប់ពីគាត់មកពីស្រុក ដើម្បីទារលុយពីម៉ូយលក់មាន់នៅភ្នំពេញ ស្នាក់នៅផ្ទះអ្នកស្គាល់គ្នា ក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ស្រាប់តែលេចមុខ ប្តីហេងស៊យ មកវ៉ាយ ដណ្តើមយកម៉ូតូ និងលុយកាក់អស់ ហើយរត់គេចខ្លួនបាត់។

ក្រោយកើតហេតុស្រ្តីរងគ្រោះរត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវប្ដីហេងស៊យនោះ៕

https://youtu.be/CHlH7Sh9DjE

មតិយោបល់