ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញ បើកសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០១៧-២០១៩)

ភ្នំពេញៈ សិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០១៧-២០១៩) របស់រដ្ឋបាលខណ្ឌដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍៥ឆ្នាំ(២០១៥-២០១៩) របស់រដ្ឋបាលខណ្ឌដូនពេញ គឺជាការឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋានដែលក្រុមប្រឹក្សាខណ្ឌ និងសង្កាត់បានលើកគម្រោងស្នើឡើង។

លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ដូច្នេះ កាលព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០១៧-២០១៩) ក្រោមអធិបតីភាព លោក ត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌដូនពេញបានបន្តថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌនៅក្នុងពេលនេះ មានគម្រោងវិនិយោគជាអាទិភាព ដែលពុំទាន់មានការសន្យាគាំទ្ររួមមាន១២៦គម្រោង សរុបទន់វិនិយោគស្មើនឹង១ ០៥៤ ១៧៧លានរៀល គោលបំណងទី១ដើម្បី ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព៣ឆ្នាំរំកិល(២០១៧-២០១៩)របស់រដ្ឋបាលខណ្ឌ និងទី២ ស្នើសុំការគាំទ្រពីមន្ទីរ អង្គភាពដៃគូអភិវឌ្ឍន៍នានាផ្នែកឯកជន និងសប្បុរសជនដែលចាប់អារម្មណ៍លើគម្រោងរបស់ខណ្ឌ។

លោកអភិបាលបានបន្តទៀតថា ប្រសិនជាអស់លោក លោកស្រី ដែលជាអ្នកតំណាងស្ថាប័ន សង្គមស៊ីវិល​ និងផ្នែកឯកជនព្រមទាំងសប្បុរសជនទាំងអស់ មានការចាប់អារម្មណ៍លើគម្រោងណាមួយ ទោះតិច ឬច្រើនក្តី សូមបញ្ជាក់ការឆ្លើយតបដើម្បីឲ្យក្រុមការងារធ្វើការបូកសរុបចំនួនគម្រោងដែលមានការសន្យាគាំទ្រ។ កិច្ចការនេះ គឺជាដំណើរការមួយនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលច្បាប់នោះក្នុងមាត្រាទី៨ បានចែងថា (ការបង្កើតរដ្ឋបាលឯកភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅដល់ការពង្រីកអង្គភាពរបស់រដ្ឋដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈនៅក្នុងដែនរបស់ខ្លួន។) ដោយឡែកនៅថ្នាក់សង្កាត់វិញ មានទិន្នន័យពិតប្រាកដលើចំនួនគម្រោង និងថវិកាវិយោគប្រចាំឆ្នាំនីមួយៗព្រមទាំងបានអនុវត្តគម្រោងទទួលបានជោគជ័យក្រោយពីរចនាសម្ព័ន្ធថ្មីត្រូវបានបង្កើតឡើងថ្នាក់ខណ្ឌ មានកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ព្រមទាំងមានកញ្ចប់ថវិកាវិនិយោគសម្រាប់អនុវត្តគម្រោងប្រចាំឆ្នាំនីមួយៗទទួលបានផលល្អប្រសើរដូចសង្កាត់ដែរ។

លោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានបន្តទៀតថា កម្មវិធីវិនិយោគ៣ឆ្នាំរំកិលនេះ ត្រូវបានរៀបចំរួចហើយរដ្ឋបាលខណ្ឌនឹងទទួលបានព័ត៌មានពិតប្រាកដនូវចំនួនគម្រោង និងទឹកប្រាក់ដែលត្រូវអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកមានជំនឿចំពោះលោក លោកស្រីដែលជាតំណាងឲ្យមន្ទីរជំនាញអង្គភាព អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននឹងជួយគាំទ្រគម្រោងនានារបស់រដ្ឋបាលខណ្ឌដូនពេញទៅតាមលទ្ធភាពធនធានតាមការគួរ។ បន្ទាប់ពីការរៀបចំកម្មវិធីវិនិយោគសម្រាប់ឆ្នាំ២០១៧នេះ រដ្ឋបាលខណ្ឌដូនពេញក៏នឹងរៀបចំកម្មវិធីវិនិយោគសម្រាប់ឆ្នាំ២០១៨បន្តទៀត។

ជាមួយគ្នានោះដែរ លោកត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា សិក្ខាសាលានេះអាចជួយតម្រង់ទិសឲ្យរាល់សកម្មភារបស់រដ្ឋបាលខណ្ឌមានដំណើរការស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ ម្យ៉ាងទៀតសិក្ខាសាលានេះ អាចជួយឲ្យរដ្ឋបាលខណ្ឌបានរៀនសូត្របន្ថែមពីគ្នាទៅវិញទៅមកក្នុងការរៀបចំផែនការវិនិយោគទៅឆ្នាំខាងមុខបន្តទៀត៕

រដ្ឋបាលខណ្ឌដូនពេញរដ្ឋបាលខណ្ឌដូនពេញរដ្ឋបាលខណ្ឌដូនពេញរដ្ឋបាលខណ្ឌដូនពេញរដ្ឋបាលខណ្ឌដូនពេញរដ្ឋបាលខណ្ឌដូនពេញ

មតិយោបល់