ភ្នំពេញៈ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ បន្ទាប់ពីបានយកលុយក្លែងក្លាយទៅទិញទំនិញរបស់ប្រជាពលរដ្ឋ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅម៉ោង ១០ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ២០១៦ ស្ថិតនៅចំណុចភូមិវមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនខាងលើនេះ មានឈ្មោះ ភឿង សុផល ហៅយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានស្រុកកំណើត នៅភូមិថ្មី ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ ម៉ែន ផាន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ លក់ចាប់ហួយ ស្នាក់នៅភូមិវមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុខណៈកំពុងលក់ដូរស្រាប់តែឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ឃ.៣៣១៩ ក.ណ១ ដឹកស្ត្រី១ម្នាក់មកទិញស្រាប៊ៀរអាន់ឆ័រ ចំនួន៥កំប៉ុង ឲ្យលុយក្រដាស ២០ដុល្លារ១សន្លឹកមកគាត់ពេលនោះគាត់អាប់លុយរៀលទៅវិញជាង៥ម៉ឺន ក្រោយពីទទួលលុយអាប់ហើយ រួចទៅបាត់ ក្រោយមកក៏មានភ្ញៀវម្នាក់ទៀតមកទិញអ៊ីវ៉ាន់ គាត់បានយកលុយ២០ដុល្លារ អាប់ឥ្យគេ ហើយត្រូវបានភ្ញៀវម្នាក់នោះប្រាប់ថា លុយ២០ដុល្លារនេះ ក្លែងក្លាយទេ។
ប្រភពដដែលបានបន្តទៀតថា លុះក្រោយមកស្រាប់តែលិចមុខជនសង្ស័យមករកទិញកាតទូរស័ព្ទចំនួន ៥ដុល្លារ ម្តងទៀត ក៏ចាប់ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយឃាត់ខ្លួនមកដល់ប៉ុស្តិ៍ បានឆែកឆេរនៅនឹងខ្លួនជនសង្ស័យរកឃើញ លុយក្លែងក្លាយចំនួន៧០ដុល្លារបន្ថែមទៀត ក្នុងនោះមាន ក្រដាស ៥០ និង ២០ មួយសន្លឹក។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងសាកសួរនៅប៉ុស្តិ៍ក្រាំងធ្នង់ និងបញ្ជូនបន្តមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់