ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ីរងការបំផ្ទុះគ្រាប់បែកសាជាថ្មី

ឥណ្ឌូនេស៊ីៈ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៦ បានឲ្យដឹងថា កូនក្មេងម្នាក់ បានស្លាប់និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីមានការវាយប្រហារលើព្រះវិហារកាតាលីកមួយលើកោះ Borneo ប្រទេសឥណ្ឌូនេស៊ី ។ ការវាយប្រហារនេះ គឺសំដៅលើអ្នកកាន់សាសនាគ្រិស្ដ។

មន្រ្តីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ខណៈពេលដែលពួកក្មេងៗកំពុងលេងក្នុងសួនច្បាររបស់ព្រះវិហាកាតាលីកមួយនៅលើកោះ Borneo ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ ពាក់អាវយឺត មានរូបសញ្ញា Jihad បានគប់គ្រាប់បែកចូលក្នុងរបងព្រះវិហារ បណ្តាលឲ្យកូនក្មេងម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។

ក្រោយកើតហេតុក្រុមសង្គ្រោះបន្ទាន់បានដឹកក្មេងៗរងគ្រោះទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ ហើយប៉ូលិសបានចាប់ខ្លួនជនសង្ស័យជាបុរសម្នាក់អាយុ ៣២ឆ្នាំ ដែលគេសង្ស័យថា ជាអ្នកគប់គ្រាប់បែក ព្រោះជននេះពីមុនត្រូវបានគេដាក់ពន្ធនាគារ ពីបទចូលរួមក្នុងការដាក់គ្រាប់បែកកាលពីឆ្នាំ២០១១។

គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជនអ៊ីស្លាមធំជាងគេបំផុតនៅលើពិភពលោក ដែលភាគច្រើនអនុវត្តសាសនាអ៊ីស្លាមនិយមមធ្យម ហើយប្រជាជនមួយចំនួនតូចកាន់សាសនាគ្រិស្ដ ព្រះពុទ្ធ និងហិណ្ឌូផងដែរ៕

photo_2016-11-14_13-47-45photo_2016-11-14_13-47-44

មតិយោបល់