ស្ទឹងត្រែងៈ រថយន្តសាំងយ៉ុងដឹកឈើប្រណីតលោតឆ័ត្រ១គ្រឿង ដែលអាវុធហត្ថខេត្តចាប់បានព្រមទាំងឃាត់ខ្លួនតៃកុងម្នាក់ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញ រហូតមកដល់ព្រឹកថ្ងៃទី១៥នេះ អាវុធហត្ថខេត្តបានប្រគល់ជូនកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តហើយ។
គួររំលឹកផងដែរថា នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញនេះ អាវុធហត្ថខេត្តស្ទឹងត្រែង បានចុះបង្ក្រាបបទល្មើសតាមដងផ្លូវព្រមទាំងបាន ឃាត់រថយន្តសាំយ៉ុងដឹកឈើប្រណីត១គ្រឿង និងឃាត់ខ្លួនតៃកុងម្នាក់ដែលជាម្ចាស់រថយន្ត ត្រង់ចំណុចជិតផ្លូវបំបែកទៅខេត្តព្រះវិហារ ស្ថិតក្នុងភូមិរាជានុកូល ក្រុង ខេត្តស្ទឹងត្រែង។
រថយន្តដឹកបទល្មើសខាងលើ គឺជាប្រភេទរថយន្តសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2W-0847 ក្នុងរថយន្តមានផ្ទុកឈើប្រណីតប្រភេទធ្នង់ពេញក្នុងរថយន្តដែលមានចំនួន៥៦ដុំ។ អ្នកបើកបររថយន្តឈ្មោះ ហូរ ជៀប ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតាថឹង ឃុំបូសលាវ ស្រុកចិត្របូរី ខេត្តក្រចេះ។
ចំពោះករណីខាងលើនេះ បើតាមសម្តីរបស់ម្ចាស់រថយន្តបាននិយាយប្រាប់សមត្ថកិច្ចជំនាញថា គាត់មិនមែនជាម្ចាស់ឈើទេ គាត់គ្រាន់តែជាអ្នកស៊ីឈ្នួលដឹកឈើឲ្យគេតែប៉ុណ្ណោះដោយក្នុង១ជើងបានកម្រៃ១៥០ដុល្លារ រីឯម្ចាស់ឈើជាអ្នកណាគាត់ក៏មិនស្គាល់ដែរ គាត់គ្រាន់តែដឹងថា មុននឹងគាត់ដឹកឈើចេញពីខេត្ត គឺមានមនុស្សម្នាក់ឈ្មោះ វ៉េត ជាអ្នករត់ការបើកផ្លូវទើបគាត់ហ៊ានដឹកចេញ។
បច្ចុប្បន្ន តៃកុង និងរថយន្តដឹកបទល្មើសខាងលើត្រូវបានអាវុធហត្ថប្រគល់ជូនកម្លាំងជំនាញយកទៅរក្សាទុកក្នុងរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់