ភ្នំពេញៈ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រុមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទប្រុសស្រីចំនួន៣នាក់ ពាក់ព័ន្ធសំណុំរឿង ក្លែងបន្លំឯកសារ បន្លំយកលុយក្រុមហ៊ុនអស់ជិត១លានដុល្លារ។
សេចក្តីសម្រេចរបស់តុលាការបានផ្តន្ទាទោសជនសង្ស័យទាំង៣នាក់ដូចជា៖
ទី១.ផ្តន្ទាទោសជនជាប់ចោទឈ្មោះ គុយ ម៉េងហ័ង ភេទប្រុស (កំពុងរត់គេចខ្លួន) ភេទប្រុស អាយុ២៧ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល៨ឆ្នាំ និងចេញដីកាតាមចាប់ខ្លួនមកអនុវត្តទោស។
ទី២.ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ង៉ុយ សុធេម ភេទប្រុស អាយុ៣៣ឆ្នាំ តួនាទីជាមន្ត្រីឥណទាន ក្រុមហ៊ុន Cash You Up ដាក់ពន្ធនាគារកំណត់រយៈពេល៧ឆ្នាំ។
និងទី៣.ផ្តន្ទាទោសជនជាប់ចោទឈ្មោះ សៀ ទិត្យាមាលា ហៅស្រីពៅ ភេទស្រី អាយុ៤៣ឆ្នាំ តួនាទីជា ប្រធានសាខា(ចេនឡា) របស់ក្រុមហ៊ុនបញ្ចាំ Cash You Up ដាក់ពន្ធនាគារកំណត់រយៈពេល៥ឆ្នាំ។ ព្រមទាំងតម្រូវឲ្យជនជាប់ចោទទាំង៣នាក់ រួមគ្នាសងជំងឺចិត្តទៅដើមបណ្តឹងចំនួន៥០លានរៀល សងលុយក្រុមហ៊ុនចំនួន៨៦ម៉ឺនដុល្លារ ក្រោម បទចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ បទឆបោក និងបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទឆបោក ប្រព្រឹត្តអំឡុងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ។ បទល្មើសខាងលើនេះ ផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា២៩ មាត្រា៣៧៧ មាត្រា៣៧៨ មាត្រា ៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ជនជាប់ចោទឈ្មោះ ង៉ុយ សុធេម បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តំណាងអយ្យការនោះទេ។ ជនជាប់ចោទបន្តថា ខ្លួនបានស្គាល់ជនជាប់ចោទឈ្មោះ គុយ ម៉េងហ័ង ជាអ្នកគក់ជេដី ហើយក្រុមហ៊ុនបញ្ចាំ Cash You Up បានចេញលិខិតទទួលស្គាល់ឈ្មោះនេះជាដៃគូអតិថិជន ដើម្បីយកប្លង់ដីមកបញ្ចាំ។ ជនជាប់ចោទរូបនេះ បានបដិសេធថា ខ្លួនមិនដឹងរឿង លិខិតផ្ទេរកម្មសិទ្ធិដីធ្លីក្លែងក្លាយ ដែលឈ្មោះ គុយ ម៉េងហ័ង យកមដាក់ពាក្យសុំខ្ចីប្រាក់ពីក្រុមហ៊ុននោះទេ។
ចំណែកជនជាប់ចោទឈ្មោះ សៀ ទិត្យាមាលា ហៅពៅ បានបដិសេធថា ខ្លួនមិនបានចូលរួមជាមួយឈ្មោះ ង៉ុយ សុធេម និងឈ្មោះ គុយ ម៉េងហ័ង ក្នុងការរៀបចំឯកសារបន្លំឆបោកលុយក្រុមហ៊ុននោះទេ។ យោងតាមតំណាងក្រុមហ៊ុនបញ្ចាំ Cash You Up បានបញ្ជាក់នៅក្នុងសវនាការថា ក្រុមហ៊ុនបានខូចខាតលុយសុទ្ធចំនួន ៨៦ម៉ឺនដុល្លារ ក្នុងករណីបុគ្គលិក និងបក្ខពួកបន្លំឯការឆបោកនេះ ដូច្នេះក្រុមហ៊ុនបានប្តឹងទាមទារប្រាក់បាត់បង់ ៨៦ម៉ឺនដុល្លារ និងសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ។
បើយោងតាមការបញ្ជាក់របស់អង្គសវនាការ ជនជាប់ចោទត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនមកតុលាការក្រុងភ្នំពេញដើម្បីសម្រេចឃុំខ្លួននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥។ នៅមុនពេលបញ្ជូនសំណុំរឿងមកតុលាការដើម្បីចាត់ការនោះ ក្រុមហ៊ុនបាន ធ្វើលិខិតឲ្យឈ្មោះ ង៉ុយ សុធេម ផ្ទេរកម្មសិទ្ធិផ្ទះ សម្ភារក្នុងផ្ទះ តម្លៃប្រមាណ ៣៥,០០០ដុល្លារ ម៉ូតូម៉ាកហុងដា C125 តម្លៃប្រមាណ ២,០៥០ ដុល្លារ និងប្រគល់លុយសុទ្ធចំនួន ១២,០០០ដុល្លារ ឲ្យក្រុមហ៊ុន។ ដោយឡែកជនជាប់ចោទឈ្មោះ សៀ ទិត្យាមាលា ហៅពៅ ក៏ត្រូវបានក្រុមហ៊ុនធ្វើលិខិតប្រគល់លុយសុទ្ធចំនួន ៦០,០០០ដុល្លារឲ្យក្រុមហ៊ុនផងដែរ៕
https://youtu.be/0zWvbW7OyEQ
មតិយោបល់