ព័ត៌មានជាតិ

លោកស្រី អ៊ឹង ស៊ាងរិទ្ធី ជាប់ឆ្នោតជាប្រធានសមាគមអាក្រា អាណត្តិទី៤

ភ្នំពេញៈ លោកស្រី អ៊ឹង ស៊ាងរិទ្ធី ប្រធានក្រុមហ៊ុន អ៊ឹង រិទ្ធីគ្រុប បានជាប់ឆ្នោតជ្រើសរើស ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី នៃសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ហៅកាត់ថា អាក្រា អាណត្តិទី៤ កាលពីល្ងាចថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដោយមានការចូលរួមពីសមាជិកមកពី២១ក្រុមហ៊ុន និងមានការបោះឆ្នោតគាំទ្រចំនួន៣៧លើ៤២សម្លេង។

ថ្លែងនៅក្នុងមហាសន្និបាតវិសាមញ្ញជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មីអាណត្តិទី៤នេះ លោក ហ៊ួ វុឍ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីការគាំទ្រចំពោះរាល់សកម្មភាពរបស់សមាគមអាក្រាកន្លងមក ដែលបានជួយដល់ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏ដូចជាស្ថាប័នរដ្ឋពាក់ព័ន្ធ ក្នុងការជួយបណ្តុះបណ្តាលជំនាញដល់ពលករ ពលការនី មុនពេលចេញទៅបំរើការងារនៅក្រៅប្រទេស និងស្វែងរកការងារជូនពលករកម្ពុជាធ្វើ តាមរយៈអង្គការដៃគូរជាសមាជិករបស់ខ្លួន។

លោកអនុរដ្ឋលេខាធិការរូបនេះ បានស្នើឱ្យនាយកទីភ្នាក់ងារជ្រើរើសពលករទាំងអស់ ចងចាំថា រាល់សកម្មភាពការងាររបស់អ្នកគឺស្ថិតនៅជាប់ជានិច្ចជាមួយនិងសិទ្ធិមនុស្ស ដូច្នេះត្រូវគោរពឱ្យបានច្បាស់នូវអ្វីដែលបានចែងក្នុងច្បាប់សិទ្ធមនុស្សជាតិ និងតាមច្បាប់ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ដោយរក្សាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន ពោលគឺយកតែកម្លាំងពលកម្មទៅបំរើការតែប៉ុណ្ណោះ ពួកគាត់មានសិទ្ធិសេរីភាពគ្រប់គ្រាន់ដោយគ្មានការកៀបសង្កត់ ។ ដើម្បីឱ្យក្លាយជាទីភ្នាក់ងារមួយកាន់តែល្អជាងនេះ ត្រូវសហការឱ្យបានកាន់តែល្អ ថែមទៀតជាមួយក្រសួង ស្ថាប័នរបស់រដ្ឋដែលពាក់ព័ន្ធ និងស្ថាប័ននៃបណ្តាប្រទេសដែលត្រូវបញ្ជូនពលករទៅបំរើការងារ។

ក្រោយពេលបញ្ជប់ការបោះឆ្នោតលោកស្រីឧកញ៉ា អ៊ឹង ស៊ាងរិទ្ធី មានប្រសាសន៍ថា “នៅក្នុងអាណត្តិទី៤នេះ អាក្រាមានទិសដៅច្បាស់លាស់ ដោយរៀបចំបណ្តុះបណ្តាលភ្នាក់ងារដែលជាអ្នកជ្រើសរើសពលករ និងពលករពលការិនីផ្ទាល់ឱ្យមានការយល់ដឹងពីតួនាទី ភារៈកិច្ច និងសិទ្ធិការពារខ្លួនរបស់គាត់ ។ ព្រោះកន្លងទៅមានបញ្ហាមួយចំនួនដែលទាមទាឱ្យយើងយកចិត្តទុកដាក់ និងពន្យល់ពលករឱ្យច្បាស់ ថាអ្វីដែលគួរធ្វើ និងអ្វីមិនគួរធ្វើ ពិសេសចំពោះការធ្វើចំណាកស្រុកដោយខុសច្បាប់វានិងមានផលប៉ះពាល់អ្វីខ្លះចំពោះខ្លួន”។

លោកស្រីឧកញ៉ាបញ្ជាក់ថា ចំពោះពលករស្របច្បាប់ ដែលមានចិត្តចង់មកចុះឈ្មោះបោះឆ្នោតពួកគាត់អាចមកបាន តាមរយៈការធានាពីសមាគមអាក្រា ដោយមានការជួយជាសាហ៊ុយធ្វើដំណើរបានខ្លះទៀតផង ប៉ុន្តែសម្រាប់ពលករចំណាកស្រុកខុសច្បាប់គឺមិនអាចដឹងថាពួក គាត់ធ្វើអ្វីនៅទីណា មានប៉ុន្មាននាក់ ហើយក៏មិនអាចធានាឱ្យពួកគាត់មកចុះឈ្មោះ និងបោះឆ្នោតបាននោះដែរ ។

លោកស្រីប្រធានសមាគមបានអំពាវនាវពលករ ដែលមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស សូមទៅតាមរយៈក្រុមហ៊ុន ដែលទទួលស្គាល់ដោយច្បាប់ មានប្រាក់ខែខ្ពស់ និងមានការការពារយ៉ាងត្រឹមត្រូវ កុំទៅតាមការអូសទាញរបស់មេខ្យល់ខុសច្បាប់នាំឱ្យមានបញ្ហាដល់ខ្លួនឯង៕

photo_2016-11-18_20-01-52photo_2016-11-18_20-01-54photo_2016-11-18_20-01-57photo_2016-11-18_20-01-59

មតិយោបល់