ភ្នំពេញៈ ក្រោយពីអង្គភាពសារព័ត៌មាន Post News បានទម្លាយរឿងភាពមិនប្រក្រតីរបស់ចៅសង្កាត់ច្បារអំពៅ២ ពាក់ព័ន្ធការលួចដីរដ្ឋលក់ និងធ្វើសំបុត្រកំណើតឲ្យជនជាតិចិនបាន១ថ្ងៃ ចៅសង្កាត់ច្បារអំពៅ២ លោក យ៉ិន វុធ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ហៅយកទៅសួរនាំរយៈពេលជាច្រើនម៉ោងចាប់តាំងពីម៉ោង៩ព្រឹករហូតមកទល់ពេលរសៀល ប៉ុន្តែគេមិនទាន់ដឹងថា ចៅសង្កាត់រូបនេះ ត្រូវបានចោទ ឬចាប់ខ្លួននៅឡើយទេ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានប្រាប់ Post News កាលពីថ្ងៃទី១៨ វិច្ឆិកា ថា “មានមែន តែខ្ញុំកំពុងនៅក្រៅប្រទេសនៅឡើយ” ។ ទោះជាបែបណាលោកមិនបានបរិយាយពីដំណើរដើមទង ដែល ACU ហៅចៅសង្កាត់រូបនេះទៅសួរនាំ ឬឃាត់ខ្លួននោះទេ។
Post News នៅព្រឹកថ្ងៃទី១៩ វិច្ឆិកា នេះ មិនអាចស្វែងរកការទំនាក់ទំនងពីចៅសង្កាត់ច្បារអំពៅ២បានទេ។
សូមបញ្ជាក់ថា ចៅសង្កាត់ច្បារអំពៅ២ លោក យ៉ិន វុធ ត្រូវបានគេចោទថា ពាក់ព័ន្ធនឹងករណីលួចដីរដ្ឋលក់ និងក្លែងបន្លំឯកសារ ពោលធ្វើសំបុត្រកំណើតឲ្យជនជាតិចិន។
យោងតាមឯកសារដែលអង្គភាពសារព័ត៌មាន Post News ដែលទើបនឹងទទួលបាននៅព្រឹកថ្ងៃទី១៧ វិច្ឆិកា ២០១៦ ថា លោកចៅសង្កាត់ច្បារអំពៅ២ ត្រូវបានអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ សុខ ផល ប្រតិកម្មដោយលោក សុខ ផល បានធ្វើលិខិតមួយច្បាប់ចុះថ្ងៃទី៦ សីហា ២០១៦ ផ្ញើទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញស្នើសុំឲ្យបើកការស៊ើបអង្កេតករណីចេញសំបុត្រកំណើតឲ្យជនបរទេសខុសច្បាប់ (ចិន) ដែលប្រព្រឹត្តដោយចៅសង្កាត់ច្បារអំពី២ យ៉ិន វុធ។
របាយការណ៍បានបង្ហាញទៀតថា លោក យ៉ិន វុធ ពាក់ព័ន្ធនឹងការលក់ដីទៅសមាគមចិន ដែលជាអតីតដីរបស់ប្រជាពលរដ្ឋនៅជួរមាត់ទន្លេ បន្ទាប់ពីត្រូវភ្លើងផ្ទះ ហើយដីនេះ មានទំហំកន្លះហិកតា ។ មិនតែប៉ុណ្ណោះ របាយការណ៍បានបញ្ជាក់ទៀតថា លោកចៅសង្កាត់រូបនេះ ពាក់ព័ន្ធនឹងការយកផ្ទះរបស់រដ្ឋទៅនៅ ដែលដំបូងឡើយ គេសង់សម្រាប់ធ្វើទីស្នាក់ការគណបក្សប្រជាជន៕
https://youtu.be/YACMlUmwXo4
មតិយោបល់