ភ្នំពេញៈ បុរសម្នាក់ ដែលជាគ្រូបង្រៀននៅវិទ្យាល័យផ្សារដើមថ្កូវ បានស្លាប់នៅក្នុងមន្ទីរសម្រាកព្យាបាលវេជ្ជបុត្រ បន្ទាប់ពីរូបគាត់ពុលអាហារ ដោយមានអាការៈក្អួតចង្អោលនិងចុកចុងដង្ហើម ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរសម្រាកព្យាបាលវេជ្ជបុត្រ ភ្លាមៗនោះក្រុមគ្រូពេទ្យបានព្យួរសេរ៉ូម២ប្លោក ស្រាប់តែមានអាការៈបែកពពុះមាត់ប្រកាច់ស្លាប់តែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងមន្ទីរសម្រាកព្យាបាលវេជ្ជបុត្រ ដែលមានទីតាំងផ្ទះលេខ១៨៩ ផ្លូវ៤៣២ ខាងលិចស្តុបផ្សារទួលទំពូងចម្ងាយ៥០០ម៉ែត្រ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ព្រុំ ប៊ុនថន អាយុ៥៤ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យផ្សារដើមថ្កូវ។
បើតាមសម្តីរបស់ឈ្មោះ ព្រុំ វិសាល ដែលត្រូវជាកូនបានឲ្យដឹងថា ប៉ារបស់គាត់បានពុលចំណី និងបានចូលទៅសម្រាកព្យាបាលនៅគ្លីនិកវេជ្ជបុត្រ។ លោកបានបញ្ជាក់បន្ថែមទៀតថា ខណៈដែលប៉ារបស់លោកពុលអាហារ គឺមានគ្រាន់តែមានអាការៈ ក្អួតនិងចុកចុងដង្ហើម តែអាចដើរចូលបានដោយខ្លួនឯង។ លោកបានបញ្ជាក់ទៀតថា « តើមានដែរឬអត់ ក្នុងពេលតែមួយគ្រូពេទ្យបានដាក់សេរ៉ូម ម្ដង២ប្លោកដាក់ដៃទាំងសងខាង» រយៈពេលមិនដល់មួយម៉ោងផង ខាងពេទ្យបានដាក់សេរ៉ូមឲ្យប៉ារបស់លោកអស់ដល់ទៅ៣ផ្លោក ស្រាប់តែប៉ារបស់លោកមានអាការៈប៉ោងពោះ មិនតែប៉ុណ្ណោះខាងគ្រូពេទ្យបានស្រែកប្រាប់ប៉ារបស់លោកឲ្យខំប្រឹងនោម ប៉ុន្តែដោយសារតែអាការៈប៉ារបស់លោកកាន់តែមិនស្រួលឡើង គាត់ខំប្រឹងបោចសេរ៉ូមចេញពីដៃទាំងសង ខាងតែត្រូវបានគ្រូពេទ្យបាននាំគ្នាចាប់ប៉ាលោក គ្រៀកជាប់ហើយចាប់ដាក់សេរ៉ូមវិញ រហូតដល់ប៉ាលោកដាច់ខ្យល់ស្លាប់តែម្តង។
ពាក់ពន្ធ័នឹងហេតុការណ៍នេះដែរ Post News បានទំនាក់ទំនងតាមរយៈលេខទូរសព្ទ 023 212 332 របស់ខាងគ្លីនិកខាងលើដែរ ប៉ុន្តែទាក់ទងមិនបានទេនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយសារទូរសព្ទមិនចូល៕








មតិយោបល់