ព័ត៌មានជាតិ

បញ្ហាច្រករបៀង បើនៅតែមានការបើកឲ្យដំណើរការលែងដាក់ពិន័យទៀតហើយ គឺមានតែការដោះដូរ

បន្ទាយមានជ័យៈ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង មេបញ្ជាការ និងបំពាក់ឋានន្តរស័ក មន្ត្រីនគរបាលជាតិ នៅបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន៨០៧ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចំពោះបញ្ហាច្រករបៀង បើនៅតែមានការបើកឲ្យដំណើរការ នៅភូមិសាស្ត្រណា គឺនគរបាលការពារព្រំដែននៅតំបន់នោះ នឹងត្រូវដោះដូរ ដោយលែងមានការដាក់ពិន័យទៀតហើយ។

ពិធីប្រកាសតែងតាំង មេបញ្ជាការនគរបាលការពារព្រំដែនគោក ៨០៧ និងបមពាក់ឋានន្តរស័កខាងលើ ធ្វើឡើង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីបញ្ជាការ ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ពីអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃស្តីរពីការប្រកាសផ្ទេរភារៈកិច្ច និងតែងតាំងមុខតំណែងនគរបាលជាតិ ត្រូវបានតែងតាំង លោក ឡុង សំណាង ពីមេបញ្ជាការរងវរការពារព្រំដែនគោក៨៩១ ជាមេបញ្ជាការការពារព្រំដែនគោក៨០៧ និងតែងតាំងលោក ម៉ង់ ស៊ី ពីនាយប៉ុស្តិ៍នគរបាលបឹងត្រកួន មកជាមេបញ្ជាការរងវរសេនាតូចការពារព្រំដែនគោក៨០៧។

ក្រៅពីការក្រើនរំលឹក លើបញ្ហាច្រករបៀងខាងលើ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានផ្តាំផ្ញើធ្វើយ៉ាងណាមានការសាមគ្គីផ្ទៃក្នុង រួមគ្នាដោះស្រាយបញ្ហា និងបែងចែកការងារតាមឋានានុក្រម ការពារព្រំដែន ការពារប្រជាពលរដ្ឋ ដោយអាកប្បកិរិយាល្អជៀសវាងបាតុភាពមិនល្អប៉ះពាល់ប្រជាពលរដ្ឋព្រមទាំងធ្វើយ៉ាងណាត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ហើយមិនត្រូវបក្ខពួកនិយម៕

photo_2016-11-21_21-53-23photo_2016-11-21_21-53-26photo_2016-11-21_21-53-27photo_2016-11-21_21-53-30

មតិយោបល់