ព័ត៌មានជាតិ

ទៀតហើយ! ព្រះសង្ឃចំនួន១៧អង្គ ពុលតែគុជ

ឧត្តរមានជ័យ: ព្រះសង្ឃចំនួន១៧អង្គ គង់នៅក្នុងវត្តស្រែល្អ ស្ថិតនៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ បានពុលភេសជ្ជ:នាពេលល្ងាច ត្រូវបានសមត្ថកិច្ច អាជ្ញាធរ និងក្រុមគ្រូពេទ្យស្រុកត្រពាំងប្រាសាទ ជួយទាន់ពេលវេលា។ ហេតុការណ៍ពុលភេសជ្ជ:នេះ បង្កឲ្យមានភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ក្រោយទទួលព័ត៌មានករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ និងបានសន្និដ្ឋានបឋមថា ជាការពុលតែគុជ នេះបើតាមការអះអាងពីព្រះសង្ឃគង់ក្នុងវត្តខាងលើនេះ។

លោកបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗនោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរស្រុក បានបញ្ជូនព្រះសង្ឃខាងលើ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកដើម្បីជួយសង្គ្រោះបន្ទាន់។

លោក សឿង ម៉ៅ ប្រធានមណ្ឌលសុខភាពស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា ករណីខាងលើនេះ គឺដោយសារតែព្រះសង្ឃបានឆាន់នៅតែគុជ នាពេលល្ងាចវេលាម៉ោង៤និង៣០នាទី លុះវេលាម៉ោងប្រមាណជា៧យប់ទើបមានអាការ: ទន់ដៃ ទន់ជើង និងក្អួត រាគ តែម្តង។

លោកបន្តថា អាការ:បែបនេះ ជាករណីដែលអាចមកពីស្កសរក៏ថាបាន តែព្រះសង្ឃបានមានសង្ឃដីកាប្រាប់ក្រុមគ្រូពេទ្យថា ព្រះអង្គបានឆាន់តែ តែគុជប៉ុណ្ណោះ មកដល់ពេលនាព្រឹកថ្ងៃទី២១ ខែធ្នូនេះ ព្រះសង្ឃខាងលើនេះត្រូវបានបញ្ជូនទៅកាន់វត្តអារាមវិញហើយ និងធូរស្បើយទាំងអស់ផងដែរ។

លោកបានបន្ថែមទៀតថា ដោយឡែកតែគុជ មន្ត្រីសុខាភិបាលបានប្រមូលយកទៅធ្វើកោសល្យវិច័យបន្ថែមទៀត ដើម្បីធ្វើការស្រាវជ្រាវឲ្យឃើញនូវអ្វីដែលជាផងប៉ះពាល់។

លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាដល់មន្ត្រីជំនាញ ជាពិសេសមន្ត្រីតាមច្រកទ្វារត្រួតពិនិត្យ ត្រូវរឹតបន្តឹងនូវទំនិញការនាំចូលឲ្យបានល្អិតល្អន់ ដែលបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ មុននឹងទិញទំនិញអ្វី គួរចេះពិនិត្យឲ្យច្បាប់លាស់ ជៀសវាងការពុលចំណីដោយប្រការណាមួយ៕

មតិយោបល់