ព័ត៌មានជាតិ

ជនជាតិស្បែកខ្មៅ៦នាក់ ដែលលួចលុយពីធនាគារ ត្រូវតុលាការលើកពេលទៀតហើយ

ភ្នំពេញ: ក្រោយពីបើកសវនាការ ជំនុំជម្រះ ជាសាធារណ: អស់ជាច្រើនលើកច្រើនសារ លើជនជាប់ចោទ ជាជនជាតិនីហ្សេរីយ៉ា ចំនួន៦នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណី លួចលុយតាមគណនី ធនាគារ រួចមក នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ។ លោក តុប ឈុនហេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលទៅប្រកាសសាលក្រម នៃសំណុំរឿងនេះ នៅរសៀលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៧ខាងមុខ។

ជនជាប់ចោទ នៃសំណុំរឿងនេះរួមមានទី១ឈ្មោះ ODEBUNMI OLASUNKANMIFRANK អាយុ៣២ឆ្នាំ។ ទី២ឈ្មោះ ADEMILUYI GBENGA ADEGOKE អាយុ២៤ឆ្នាំ។ ទី៣ឈ្មោះ TAIWO TEMITOPE OLAKUNLE អាយុ៣០ឆ្នាំ។ ទី៤ឈ្មោះ NJOKU DAVID អាយុ២៧ឆ្នាំ។ ទី៥ឈ្មោះ ODEBUNMI OLUWANIFISE OLUWASESAN អាយុ៤៤ឆ្នាំ។ ទី៦ឈ្មោះ ABODUNRINSEYI ABODUNDE អាយុ៣៩ឆ្នាំ និងទី៧ឈ្មោះ អ៊ីង វណ្ណ: អាយុ២៩ឆ្នាំ។

ជនជាប់ចោទទាំង៧នាក់ ត្រូវបានលោក អ៊ំ សុភក្តិ តំណាងអយ្យចោទប្រកាន់ពីបទ លួច ដោយប្រើប្រាស់លេខសម្ងាត់ ប័ណ្ណឥណទានតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តកាលពីអំឡុងថ្ងៃទី២៦ និងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ យោងតាមមាត្រា៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការជនជាតិនីហ្សេរីយ៉ា ទាំង៦នាក់ បានឆ្លើយប្រហាក់ប្រហែលគ្នាថា ពួកគេបានមករស់នៅក្នុងប្រទេសកម្ពុជា រយ:ពេលប្រហែល ៤ទៅ៨ឆ្នាំ ដោយជួលផ្ទះស្នាក់នៅ បើកមុខរបររកស៊ីលក់នាឡិកា ហាងកាត់សក់ និងការកម្ម៉ង់ទំនិញមកពីប្រទេសអូស្ត្រាលី លក់នៅក្នុងប្រទេសខ្មែរ ដោយមិនបានដឹងពីរឿងលួចលុយនៅតាមគណនីធនាគារនោះទេ។

ដោយឡែកជនជាប់ចោទឈ្មោះ អ៊ីង វណ្ណ: បានថ្លែងថា រូបគេមិនបានដឹងអីទាំងអស់ គឺរូបគេគ្រាន់តែជាអ្នកបងប្រែភាសាឲ្យ ជនបរទេសទាំង៦នាក់តែប៉ុណ្ណោះ៕

//youtu.be/xoeTmjId1WU

មតិយោបល់