ព័ត៌មានជាតិ

តូបដែកសង់រំលោភចិញ្ចើមផ្លូវបើកធ្វើអាជីវកម្ម ផ្គើននឹងចំណាត់ការអាជ្ញាធរ

ភ្នំពេញ: តូបដែកដែលសង់រំលោភយកចិញ្ចើមផ្លូវ នៅតែបន្តបើកដំណើរការ ក្រោយពីលោក ច័ន្ទ ហៃ ចៅសង្កាត់ទឹកល្អក់៣ ទុកពេលឲ្យរុះរើតាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។ តូបដែកដែលផ្គើននឹងចំណាត់ការអាជ្ញាធរនេះ មានទទឹង១,២០ម៉ែត្រ និងបណ្តោយ២ម៉ែត្រ ស្ថិតនៅខាងក្រៅរបងផ្ទះ ផ្លូវ២៦១ កែងផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តូបដែកនេះ គេសង់ឡើងដើម្បីប្រកបរបរដូរលុយ ដែលអ្នកជួលផ្ទះធ្វើនៅខាងក្រៅរបងតាមផ្លូវ២១៨ (ផ្សាររោងចក្រ) គឺកើតចេញពីអ្នកលក់ដូរនៅខាងមុខផ្ទះ ជួលចិញ្ចើមផ្លូវឲ្យធ្វើអាជីវកម្ម តាំងពីមានរោងចក្ររហូតទាល់តែប្រែក្លាយទៅជាផ្ទះល្វែងអស់។

លោក ច័ន្ទ ហៃ ចៅសង្កាត់ទឹកល្អក់៣ បានប្រាប់ឲ្យដឹងថា រឿងតូបដែកដែលសាងសង់នៅក្រៅរបងតាមផ្លូវ២១៨ មិនបានសុំការអនុញ្ញាត និងមិនបានប្រាប់អាជ្ញាធរឡើយ។ លោកបន្តទៀតថា លោកបានឲ្យមន្ត្រីក្រោមឱវាទទៅប្រាប់អ្នកជួលផ្ទះខាងលើ ឲ្យរុះរើតូបនោះចេញ ដោយទុកពេលឲ្យចំនួន២ថ្ងៃ តាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ មកម្ល៉េះ រហូតមកដល់ថ្ងៃទី២០ ខែកញ្ញានេះ ស្រាប់តែឃើញបើកដំណើរការដូរលុយទៅវិញ។ លោកបានបន្ថែមថា បច្ចុប្បន្នក្រុមការងារសាលាសង្កាត់រវល់ចុះឈ្មោះបោះឆ្នោត គាប់ជូនក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌផងនោះ ទើបមិនបានដោះស្រាយនិងចាត់វិធានការ។

យោងតាមប្រសាសន៍លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានប្រាប់ថា លោកមិនដែលអនុញ្ញាតឲ្យមានសំណង់ខុសច្បាប់សាងសង់កើតឡើងក្នុងមូលដ្ឋានគាត់ឡើយ ហើយរាល់សំណង់ដែលសង់រំលោភចិញ្ចើមផ្លូវសាធារណ: លោកបានឲ្យក្រុមការងារដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងចុះទៅរុះរើ ដើម្បីរំដោះចិញ្ចើមផ្លូវកាត់បន្ថយការកកស្ទះចរាចរណ៍។ លោកបានបញ្ជាក់ថា ដូចក្នុងសង្កាត់បឹងសាឡាង ផ្លូវមាត់ប្រឡាយទឹកស្អុយ កំពុងបើកការដ្ឋានសាងសង់ផ្លូវបេតុងអមសង្ខាង ដែលពីមុនមកលំបាកធ្វើដំណើរ តែនៅពេលសាងសង់រួចហើយយើងអាចធ្វើចរាចរណ៍បានផងដែរ។

ចំពោះរឿងតូបដែករំលោភចិញ្ចើមផ្លូវ លោកនឹងឲ្យលោក ប៉ាង លីដា ចុះទៅរុះរើចេញ ជាមួយក្រុមការងារ៕

photo_2016-09-20_16-35-08

photo_2016-09-20_16-34-57

photo_2016-09-20_16-35-00

photo_2016-09-20_16-35-06

មតិយោបល់