ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នគរបាលជួយបុរសអូស្ត្រាលីហើយ បន្ទាប់ពីត្រូវគេទម្លាក់ចោល នៅព្រលានយន្តហោះ

ភ្នំពេញៈ បន្ទាប់ពីការផ្សាយរបស់អង្គភាព Post News បានប៉ុន្មានម៉ោងមក បុរសសញ្ជាតិអូស្ត្រាលី វ័យចំណាស់ម្នាក់ ដែលត្រូវបានគេទម្លាក់ចោលនៅក្នុងព្រលានយន្តអន្តរជាតិភ្នំពេញ នាព្រលប់ថ្ងៃទី៣ ខែវិច្ឆិកានេះ ត្រូវបានកម្លាំងនគរបាលអន្តោរប្រវេសន៍ ធ្វើការជួយសង្គ្រោះ ដោយនាំទៅធ្វើឯកសារ និងបញ្ជូនបន្តទៅស្ថានទូតសាម៉ី។

មន្ត្រីនគរបាលអន្តោរប្រវេសន៍ម្នាក់ ប្រាប់ Post News តាមទូរសព្ទនៅមុននេះថា មកទល់នឹងពេលនេះ បុរសអូស្ត្រាលី ឈ្មោះ Anybund VALERI អាយុ៧៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ N3002781 ដែលត្រូវតាក់ស៊ីយកមកទម្លាក់ចោលនៅក្នុងបរិវេណអាកាសយាន្តអន្តរជាតិភ្នំពេញ ត្រូវបានជួយសង្គ្រោះហើយ។ បុរសរូបនេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ ដែលមានទីតាំងនៅមុខព្រលានយន្តហោះ ដើម្បីបំពេញសំណុំឯកសារ និងបញ្ជូនបន្តទៅកាន់ស្ថានទូតអូស្ត្រាលី។

មន្ត្រីដដែលបញ្ជាក់ថា បុរសសញ្ជាតិអូស្ត្រាលីខាងលើ គ្មានប្រាក់សូម្បី១រៀលប្រាក់ខ្មែរ នៅជាប់នឹងខ្លួនឡើយ ហើយគាត់មានស្មារតីមិនសូវល្អ ព្រោះតែវ័យចាស់ជរារបស់គាត់(វង្វេង)។ បច្ចុប្បន្នគាត់ត្រូវបានអគ្គនាយកដ្ឋានអន្តោរប្រវេស៍ ផ្ដល់កន្លែងស្នាក់នៅបណ្ដោះអាសន្ន និងការហូបចុកផងដែរ។ ជាមួយគ្នា អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក៏សូមថ្លៃងអំណរគុណដល់អង្គភាពសារព័ត៌មាន Post News ដែលបានផ្សាយរឿងនេះ បានផ្ដល់ព័ត៌មានជាក់លាក់ ដើម្បីមន្ត្រីមានសមត្ថកិច្ចធ្វើការសង្គ្រោះជនរងគ្រោះទាន់ពេលវេលា។

គួរជម្រាបថា បុរសឈ្មោះ Anybund VALERI អាយុ៧៤ឆ្នាំ សញ្ជាតិអូស្ត្រាលី ត្រូវបានគេដឹកតាមរថយន្តតាក់ស៊ី មកទម្លាក់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឲ្យនៅតែម្នាក់ឯង នាវេលាម៉ោងប្រមាណជាង៦កន្លះ ល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ ពេលមកដល់ព្រលានយន្តហោះ បុរសរូបនេះ ទំនងជាចង់ត្រឡប់ទៅប្រទេសអូស្ត្រាលីវិញ ប៉ុន្តែគាត់មិនអាចធ្វើការទំនាក់ទំនងបាន ដោយនិយាយមិនអាចស្ដាប់គ្នាយល់(វង្វេង) ព្រោះភាពចាស់ជរា ហើយក៏បង្កភ្ញាក់ផ្អើលតែម្ដង៕

photo_2016-11-03_18-47-41photo_2016-11-03_18-48-00photo_2016-11-03_18-47-47photo_2016-11-03_18-47-52photo_2016-11-03_18-47-56photo_2016-11-03_18-44-59photo_2016-11-03_19-18-37photo_2016-11-03_19-18-39

មតិយោបល់