ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ម៉ិកស៊ិកអំពាវនាវឲ្យប្រធានាធិបតីថ្មីអាមេរិក ពង្រឹងទំនាក់ទំនងល្អជាមួយខ្លួន និងបដិសេធការបង់ប្រាក់ សម្រាប់ជញ្ជាំងព្រំដែន

ម៉ិកស៊ីកូ: ប្រធានាធិបតីម៉ិកស៊ិក លោក Enrique Pena Nieto បានអបអរសាទរប្រធានាធិបតី ជាប់ឆ្នោតថ្មីរបស់អាមេរិក គឺលោក Donald Trump ដោយបានថ្លែងថា លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការកែលម្អទំនាក់ទំនងទ្វេភាគីជាមួយអាមេរិក។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

តាមសេចក្ដីប្រកាសនៅលើ Twitter របស់លោក Pena Nieto បានសរសេរថា​ ប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក គឺមិត្តភក្តិដៃគូ និងសម្ព័ន្ធមិត្ត ដែលត្រូវតែបន្តធ្វើការដើម្បីបង្កើនការប្រកួតប្រជែង និងការអភិវឌ្ឍដល់អាមេរិកខាងជើង។

លោកបាននិយាយថា « ខ្ញុំជឿថាម៉ិកស៊ិក និងអាមេរិកនឹងបន្តរឹតបន្តឹងចំណងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ រួមទាំងការគោរពគ្នាទៅវិញទៅមក»។

ប្រធានាធិបតីថ្មីរបស់អាមេរិក លោក Trump បានផ្តួលគូប្រជែងខ្លួន គឺលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃអង្គារ ដែលធ្វើឲ្យមានការខកចិត្ត សម្រាប់អ្នកព្យាករមួយចំនួន។ លោក Pena Nieto បាននិយាយថា ផ្អែកតាមមូលដ្ឋានជាច្រើន គឺលោកចង់ឲ្យសហរដ្ឋអាមេរិកបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខាជាមួយប្រទេសកាណាដា និងម៉ិកស៊ិកក្នុងឆ្នាំ ១៩៩៤ ជុំវិញការកសាងជញ្ជាំងនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។

កាលពីខែសីហា លោក Trump ត្រូវបានប្រធានាធិបតី លោក Enrique Pena Nieto អញ្ជើញជួបប្រជុំគ្នានៅទីក្រុងម៉ិកស៊ិក ដែលនៅពេលនោះ លោក Pena Nieto បានពន្យល់ថា ប្រជាជនរបស់លោកមិនយល់ស្របតាមមតិយោបល់លោក Trump ទេ ហើយលោកក៏សូមបដិសេធចំពោះការបង់ប្រាក់ សម្រាប់ជញ្ជាំងព្រំដែនផងដែរ។

ដូចគ្នានេះផងដែរ កាលពីថ្ងៃពុធរដ្ឋមន្រ្តីការបរទេសម៉ិកស៊ិក លោក Claudia Ruiz Massieu បានបញ្ជាក់យ៉ាងច្បាស់ថា ម៉ិកស៊ិកពិតជាមិនត្រូវបង់ប្រាក់ សម្រាប់ជញ្ជាំងព្រំដែនជាមួយអាមេរិកនោះទេ៕

promo

មតិយោបល់