ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

iPhone 8 នឹងផ្លាស់ប្តូររចនាបទថ្មី ជាមួយការបង្កើនសមត្ថភាពភ្នែកកាមេរ៉ា Telephoto និង OIS

iphone-8

ទូរស័ព្ទលំដាប់កំពូលរបស់ក្រុមហ៊ុន Apple ជំនាន់បន្ទាប់ ត្រូវបានគេទម្លាយព័ត៌មានមកថា នឹងរចនាចេញចំនួន ៣ ម៉ូដែល ជាមួយការកែលម្អរូបរាងយ៉ាងថ្មីស្រឡាង និងបន្ថែមសមត្ថភាពភ្នែកកាមេរ៉ា Telephoto ឱ្យកាន់តែល្អឥតខ្ចោះ ដើម្បីអបអរសាទរខួប ១០ ឆ្នាំរបស់វា និងបង្កើនការលក់របស់ក្រុមហ៊ុននៅឆ្នាំក្រោយ។

ព័ត៌មានក្រៅផ្លូវការថ្មីនេះ ត្រូវបានរំលេចចេញពីមាត់លោក Ming-Chi Kuo អ្នកឯកទេសខាងវិភាគផលិតផល iPhone ដ៏ល្បីល្បាញ និងដែលបានតាមដានសែចង្វាក់ផលិតកម្មរបស់វាអស់រយៈពេល ៣ ឆ្នាំមកហើយ។ លោក Kuo ជឿជាក់ថា Apple នឹងផលិតចេញ iPhone 8 ចំនួន ៣ ម៉ូដែល ដោយបំពាក់ទំហំអេក្រង់ និងសមត្ថភាពកាមេរ៉ាខុសៗគ្នា។ កំពូលអ្នកវិភាគផលិតផល Apple រូបនេះរំពឹងថា ក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស របស់អាមេរិក នឹងធ្វើការកែប្រែភ្នែកកាមេរ៉ា Telephoto ដែលកំពុងបំពាក់នៅលើភ្នែកកាមេរ៉ាម្ខាងរបស់ iPhone 7 Plus ដោយការបង្កើនទំហំរង្វង់ភ្នែករបស់វាឱ្យកាន់តែធំ និងដាក់បន្ថែមបច្ចេកវិជ្ជាទប់លំនឹង OIS ដើម្បីបង្កើនរយៈចម្ងាយយឹតរូបភាពឱ្យកាន់តែប្រសើរជាងទូរស័ព្ទស៊េរី iPhone 7 សព្វថ្ងៃ។

សូមបញ្ជាក់ថា ថ្មីៗនេះ ក៏មានលេចឮព័ត៌មានចចាមអារ៉ាមផងដែរថា iPhone 8 នឹងប្រើបចេ្ចកវិជ្ជាសាកថ្មឥតខ្សែ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសាកបញ្ចូលថាមពលថ្មទៅក្នុងទូរស័ព្ទដោយពុំចាំបាច់ដោតខ្សែចូលទៅក្នុងតួរបស់វាបានចម្ងាយ ៤,៥ ម៉ែត្រ។

ទោះយ៉ាងណា ពេលវេលានៃការប្រកាសចេញគឺនៅយូរណាស់ដែរ។ ដូច្នេះ ប្រសិនបើមានលេចចេញព័ត៌មាន អ្វីថ្មីផ្សេងក្រៅពីនេះទៀតនោះ Post News នឹងបន្តពាំនាំវាមកជូនប្រិយមិត្តឱ្យ បានទទួលជ្រាបបន្ថែមទៀត៕
ប្រភពព័ត៌មាន៖ wccftech.com

មតិយោបល់