ភ្នំពេញ:នៅរសៀលថ្ងៃទី១៤ ឧសភា នេះ តារាសម្ដែងវ័យក្មេង និងល្បីឈ្មោះរឿងស៊ិចស៊ី នាង ដេនី ក្វាន់ បានសម្រេចចិត្ត សុំទោសជាសាធារណៈ ដល់តារាចម្រៀង ម៉េង កែវពេជ្ជតា និងតារាសិល្បៈ រៀមច្បង ជាច្រើនទៀត ដែលនាង បានប្រទាក់ពាក្យសម្ដី ក្នុងពេលចម្រូងចម្រាស់។ វីដេអូសុំទោសនេះ ត្រូវបានបង្ហោះឡើយ ដោយមានមហាជន ជាច្រើន កោតសរសើរ ចំពោះការទទួលខុសត្រូវរបស់នាង បើទោះជាមុននេះបន្តិច នាងបានប្រកាន់ជំហរ មិនហារមាត់សុំទោស ចំពោះតារាសិល្បៈ រៀមច្បង ដែលនាងយល់ថា បានរិះគន់នាង លើសពីការស្ថាបនា ក៏ដោយ។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានអះអាងថា មុនការបង្ហោះវីដេអូ ជាថ្មីរបស់ ដេនី ក្វាន់ លោក និងក្រុមគ្រួសាររបស់នាង បានជួបជជែកគ្នា ច្រើននាទី តាមរយៈទូរស័ព្ទ ហើយដោយមានការពន្យល់ណែនាំ ពីលោក ទើបនាងសម្រេចចិត្ត យល់ព្រមសុំទោស ជាសាធារណៈ ទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា។ លោកថា កាយវិការរបស់ ដេនី ក្វាន់ គឺជាទង្វើទទួលខុសត្រូវ គួរឱ្យសរសើរ ដែលចេះដាក់ខ្លួន និងស្គាល់កំហុស នូវអ្វី ដែលខ្លួនខុសឆ្គង ហើយ ក៏ជាអ្វី ដែលក្រសួងវប្បធម៌ ចង់បាន ផងដែរ។ លោកថា វីដេអូ ដែលនាងបង្ហោះ ជាក្រោយនេះ ពិតជាធ្វើឱ្យភាពជ្រួលច្របល់ ពីសំណាក់តារាសិល្បៈ ដូចគ្នា ដែលកើតទុក្ខ មិនសុខចិត្ត នាពេលកន្លងមក ត្រូវបានបញ្ចប់ និងលែងមានការទាមទារ លើសពីហ្នឹងថែមទៀត ពីក្រុមតារាសិល្បៈ ដែលបានកើតជម្លោះពាក្យសម្ដី ជាមួយនឹង ដេនី ក្វាន់។
គួរបញ្ជាក់ថា នៅក្នុង វីដេអូឃ្លីប ដែល ដេនី ក្វាន់ បានបង្ហោះនោះ នាងបានទទួលសុំទោស ចំពោះការស្លៀកពាក់ នាំឱ្យការខុសឆ្គង និងទទួលសុំទោស ចំពោះអ្នកនាង ម៉េង កែវពេជ្ជតា លោកអ៊ឹម ជីវ៉ា និងតារាសិល្បៈ មួយចំនួនទៀត ដែលនាងបានជ្រុលជ្រួស ប្រើពាក្យសម្ដីដៀមដាម នាំឱ្យប៉ះពាល់ ក្នុងការតបត។ គេមិនទាន់ដឹងថា ភាគីអ្នកនាងម៉េង កែវពេជ្ជតា និងលោកអ៊ឹម ជីវ៉ា នឹងមានប្រតិកម្ម ឬទទួលយកត្រឹមហ្នឹងនោះទេ ដោយសារតែ មុនមានការសុំទោស ទៅកាន់បុគ្គលនេះ លោកអ៊ឹម ជីវ៉ា បានប្រកាសថា តារាទាំងអស់ មិនទទួលយក បើគ្មានការសុំទោស ទាំងបងទាំងប្អូន និងគ្មានការធ្វើកិច្ចសន្យា ជាលាយលក្ខណ៍៕
https://youtu.be/BZIYCnL3Bm0
មតិយោបល់