ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្មវិធី«មុខរបរខ្ញុំ»ថ្មី រំពឹងទទួលបានការគាំទ្រជាងរដូវកាលទី១

ភ្នំពេញ: កាលពីយប់ថ្ងៃទី៤ កក្កដា កម្មវីធីជីវិតពិតដែលមានឈ្មោះថា«មុខរបរខ្ញុំ»សម្រាប់រដូវកាលលើកទី២ ត្រូវគេឃើញដំណើរការហើយ ដោយបានបង្ហាញពីសមត្ថភាព និងរំលេចវិញ្ញាសារគួរឲ្យចាប់អារម្មណ៍ជាច្រើនក្នុងការចាក់ផ្សាយ។ កម្មវិធីដែលមានលក្ខណ:ជាការបំផុសឲ្យអ្នកទស្សនាស្រឡាញ់ពេញចិត្តលើជំនួញខ្នាតតូច និងមធ្យមនេះ រំពឹងថាជោគជ័យ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងតែម្ដង នាំមុខលើកម្មវិធីដដែលនេះកាលពីរដូវកាលទី១។ ជាពិសេសនៅពេលដែលអ្នកចូលរួមប្រកួតប្រជែងសុទ្ធតែជាម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមភាគច្រើនបែបនេះ។

កញ្ញាអេមី ជាអ្នករៀបចំកម្មវិធីបានអះអាងថា បេក្ខជនបេក្ខនារីដែលបានចូលប្រកួតនៅក្នុងរដូវកាលថ្មីនេះ   គឺមាននិស្សិតដែលមិនមានបទពិសោធន៍បើកជំនួញតែ២រូបប៉ុណ្ណោះ ចំណែក៨នាក់ផ្សេងទៀត សុទ្ធតែត្រូវបានសម្រាំងចេញពីម្ចាស់អាជីវកម្មរស់នៅភ្នំពេញ និងមកពីអ្នកខេត្តនានា។ កញ្ញារំពឹងយ៉ាងខ្លាំងថាកម្មវិធីដែលបានដំណើរការចាក់ផ្សាយជាផ្លូវការនេះ ទទួលបានការពេញនិយមទូលំទូលាយជាងមុន ដោយសារសម្អាងថាសកម្មភាពប្រកួតប្រជែង និងវិញ្ញសារដែលនាងដាក់ឲ្យសុទ្ធតែជាគំនិតអាជីវកម្ម ដែលមិនខុសពីការបង្រៀនអ្នកទស្សនាចេះធ្វើម្ចាស់ការលើខ្លួនឯង។ កញ្ញាបញ្ជាក់ថាកាលពីរដូវកាលទី១ បេក្ខជនបេក្ខនារីទាំងអស់រួមគ្នាធ្វើឲ្យកើតឡើងនូវមុខជំនួញតែមួយប្រភេទប៉ុណ្ណោះ ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះ គឺពួកគេនឹងរំលេចនូវមុខជំនួញរហូតដល់ទៅ៨ប្រភេទផ្សេងគ្នា ដើម្បីចែកជូនបទពិសោធន៍ ទើបនាងរំពឹងថាបេក្ខជនបេក្ខនារីដែលស្ថិតក្នុងការប្រកួតគឺកាន់តែត្រូវប្រឈមនឹងភាពតានតឹង ហើយអ្នកទស្សនាក៏ច្បាស់១០០ភាគរយ ថានឹងទទួលបាននូវគំនិតសំបូរបែបតាមរយ:ការប្រកួត។ នៅក្នុងកម្មវិធីនេះ នាងក៏បានតម្រូវឲ្យលោកទេព រិន្ទដារ៉ូ និងអ្នកនាងណាណា ធ្វើជាពិធីករ និងពិធីការិនីផងដែរ  ទើបរឹតតែមានរំពឹងខ្ពស់ថានឹងទទួលបានចំណាប់អារម្មណ៍ពីអ្នកទស្សនា ក្នុងពេលដែលបេក្ខជនបេក្ខនារីទាំង១០ ក៏ត្រូវចុះទៅដល់តំបន់គោលដៅរបស់មហាជន ដែលមិនខុសពីការបំផុសមួយផ្នែក។ កម្មវិធីនេះ នាងថាដំណើរការចាក់ផ្សាយក្នុងពេលវេលាដូចគ្នានឹងកម្មវិធី«មុខរបរខ្ញុំ»កាលពីរដូវកាលទី១ដែរ ដោយត្រូវចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨ ដល់ម៉ោង៨កន្លះយប់។

អេមី បញ្ជាក់ថាបេក្ខជនបេក្ខនារីម្នាក់ក្នុងចំណោមទាំង១០ នឹងទទួលបានទឹកប្រាក់២០លានរៀល ប៉ុន្តែនៅពីក្រោយការទទួលបានទឹកប្រាក់តែម្នាក់ពីកម្មវិធីនេះ អ្នកមិនឈ្នះក៏នឹងបានបទពិសោធន៍លើផ្នែកអាជីវកម្មធ្វើឲ្យពួកគេម្នាក់ៗរឹងមាំគំនិតផងដែរ។

យោងតាមប្រកាស នឹងមានម្នាក់ក្នុងចំណោមអ្នកទាំង១០ ធ្លាក់ចេញពីកម្មវិធីរៀងរាល់សប្ដាហ៍ ដោយការជម្រុះចេញនេះមិនមានគណកម្មការទម្លាកចេញដូចមុនទៀតទេ ប៉ុន្តែជាការបោះឆ្នោតក្នុងក្រុមគ្នាឯងតែម្ដង។

លោក ជីមមី ផលិតករប្រតិបត្តិ ធ្លាប់បានថ្លែងប្រាប់ដែរថា កម្មវិធីនេះនឹងទាក់ទាញ អ្នកទស្សនាបានច្រើន ដោយសារតែការប្រកួតប្រជែងរបស់បេក្ខជនបេក្ខនារី សុទ្ធតែមានខ្លឹមសារលើកទឹកចិត្តដល់សហគ្រិនវ័យក្មេងឲ្យមានគំនិតទូលំទូលាយលើផ្នែកអាជីវកម្ម៕

មតិយោបល់