ភ្នំពេញៈ បើទោះជាបានប្រកាសថា អតីតភរិយា គឺជាមូលហេតុបណ្ដាលឲ្យជីវិតរបស់ខ្លួនធ្លាក់ដល់ចំណុចសូន្យនាពេលនេះក៏ដោយ ក៏អតីតតារាសម្ដែង និងជាកីឡាករល្បីម្នាក់ផង លោក ជា ស្រួច នៅតែមិនព្រមបង្ហាញអត្តសញ្ញាណពីនារីម្នាក់នោះឲ្យមហាជនបានស្គាល់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺលោកត្រូវអ្នកជិតស្និទ្ធិប្រកាសថា ភ័យរឿងតារាល្បីម្នាក់នោះដាក់បន្ដឹងនោះផង ទើបសម្រេចចិត្តមិនព្រមបញ្ចេញឈ្មោះ។
នៅក្នុងវីដេអូដែលសម្ភាសន៍ដែលបានបង្ហោះពាក់ព័ន្ធនឹងជីវិតធ្លាក់ខ្លួន លោក ជា ស្រួច បានអះអាងថា ដោយសារតែភរិយារបស់ខ្លួនផិតក្បត់ ទើបបណ្ដាលឲ្យលោកឆ្កួតចិត្ត ដោយសេងទាំងហាងលក់សាច់គោអាំងចោល រួចគេចទៅបន្តជីវិតរសាត់អណ្ដែតរហូតធ្លាក់ខ្លួនធ្វើជាកម្មករសំណង់ និងជាកម្មករអូសរទេះនៅតាមព្រំដែន។
លោកបានបញ្ជាក់ក្នុងវីដេអូសម្ភាសន៍ថា ទឹកប្រាក់៣០០ដុល្លារបានទិញទឹកចិត្តអតីតភរិយារបស់លោកឲ្យបោះបង់លោក ប៉ុន្តែ លោកក៏ផ្ញើសារជូនពរនារីម្នាក់នោះផងដែរ ដោយសារតែក្នុងពេលនេះ គឺនាងបានក្លាយជាតារាល្បីម្នាក់នៅក្នុងពិភពសិល្បៈ។ យ៉ាងណាក៏ដោយ លោក ជា ស្រួចនៅតែបដិសេធមិនប្រាប់ឲ្យដឹងពីឈ្មោះ ឬអត្តសញ្ញាណរបស់នារីម្នាក់នោះទេ ក្នុងពេលដែលលោក កាលពេលរៀបការហាក់មិនសូវមានការចុះផ្សាយ ដើម្បីឲ្យគេបានស្គាល់ពីមុខមាត់របស់អតីតភរិយាលោក។
លោក ជា ស្រួច មិនអាចសុំការបញ្ជាក់លើបញ្ហានេះបានទេ ប៉ុន្តែយោងតាមការបញ្ជាក់របស់ភរិយារបស់លោក អេ ភូថង ដែលជាអ្នកផ្ដល់កន្លែងស្នាក់នៅឲ្យលោក ជា ស្រួច ស្នាក់នៅក្នុងពេលនេះ បានលើកទូរស័ព្ទហើយឆ្លើយជំនួសថា អតីតភរិយារបស់លោក ជា ស្រួច គឺពិតជាតារាល្បីមែននាពេលចុងក្រោយនេះ។ អ្នកស្រីថា តារាម្នាក់នោះ គឺជាតារាថតស្ពត ហើយក៏បានទទួលតំណែងជាតួឯកក្នុងរឿងរាប់មិនអស់ផងដែរ ទើបអ្នកស្រីបដិសេធមិនប្រាប់ឲ្យដឹងពីអត្តសញ្ញាណ ដើម្បីកុំឲ្យលោក ជា ស្រួច ត្រូវបានប្ដឹងផ្ដល់ពីនារីម្នាក់នោះ។ អ្នកស្រីថា លោក ជា ស្រួច និងអតីតភរិយារៀបការ២លើក គឺនៅខេត្តបន្ទាយមានជ័យមក និងមកកាត់ចំណងដៃមួយសារទៀតនៅភ្នំពេញ ប៉ុន្តែ មកពីក្នុងពេលនោះលោកមិនបានអញ្ជើញតារាសិល្បៈឲ្យចូលរួមច្រើន ទើបពិធីរៀបការរបស់លោកមិនត្រូវបានគេដឹងឮ។
អ្នកស្រីថាអតីតភរិយានោះ រស់នៅជាមួយលោក ជា ស្រួច តែមួយរយៈខ្លីប៉ុណ្ណោះ ក៏រត់ចុះចេញពីផ្ទះ ហើយរត់ទៅរស់នៅជាមួយបុរសម្នាក់ និងក្រោយមកក៏បានក្លាយជាតារាល្បីមកទល់នឹងបច្ចុប្បន្ន។ មិនខុសគ្នាដែរ លោកអេ ភូថង បានអះអាងថា ទាំងលោក និងលោក ជា ស្រួច មិនអាចប្រាប់ឲ្យដឹងពីអត្តសញ្ញាណរបស់នារីម្នាក់នោះឲ្យគេបានដឹងបានទេ ដោយសារតែនាងពេលនេះ គឺជាតារាល្បី ហើយអាចនឹងធ្វើឲ្យលោក ជា ស្រួច មានរឿងក្ដៅក្រហាយព្រោះនាងនោះប្ដឹង។
លោកនិយាយថា «រឿងនឹងអត់មានអ្នកណាបញ្ចេញឈ្មោះបានទេ ព្រោះគេអាចប្ដឹងវា (ជា ស្រួច) ពីបទបរិហាកេរ្តិ៍បាន!»។ លោកថា នារីម្នាក់នោះ គឺជាមូលហេតុតែមួយគត់ ដែលរុញឲ្យ ជា ស្រួច ខ្មាស់គេ ហើយសុខចិត្តបោះបង់ការងារគ្រប់យ៉ាង ក្រោយពេលនារីម្នាក់នោះផិតក្បត់។ លោក ជា ស្រួច ក៏បានបញ្ជាក់នៅក្នុងវីដេអូឃ្លីបផងដែរថា មកពីលោកស្រឡាញ់ក្មេង ហើយមិនបានសិក្សាឲ្យបានស៊ីជម្រៅពីផៅសណ្ដានរបស់អតីតភរិយាឲ្យច្បាស់មុនពេលរៀបការទើបធ្វើឲ្យក្ដីស្រឡាញ់ ក្លាយជាការបំផ្លាញរូបលោក។
យ៉ាងណាក៏ដោយ តារាស្រីដែលជាអតីតភរិយារបស់លោក ជា ស្រួច នោះ ត្រូវបានគេស្គាល់ថា ជាតារាស្ពតដែលបានល្បីឈ្មោះក្នុងស្ពតទឹកផ្លែឈើអៀ កាលពីប៉ុន្មានឆ្នាំមុន ដែលក្រោយមកក៏បានប្រែខ្លួនជាតារាសម្ដែងមានឈ្មោះបោះសំឡេងនាពេលចុងក្រោយ។ ប៉ុន្តែក្រោយឡើងកាលីបហ៊ឺហារនាងក៏ត្រូវគេដឹងថា មិនសូវសកម្មនៅក្នុងពិភពសម្ដែងឡើយ៕
មតិយោបល់