កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋជាច្រើននាក់ និងប្រជាការពារ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់ ប្រធានការពារដែនអភិរក្សសេះសាង ដែលបានបណ្តោយឲ្យជនល្មើសនេសាទជាច្រើននាក់ចូលទៅដាក់របាំងអួននៅក្នុងតំបន់អភិរក្សដោយសេរី ខណៈដែលប្រជាពលរដ្ឋ និងប្រជាការពារខំទប់ស្កាត់និងថែរក្សាសម្បត្តិមច្ឆាជាតិនៅក្នុងតំបន់នោះ។
ជាក់ស្តែងកាលពីម្សិលមិញនៅម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ យ៉ាងហោចណាស់មានជនល្មើសនេសាទ២នាក់ក្នុងចំណោម៣នាក់ និងកាណូតបាឡាស្មាច់ ២គ្រឿងត្រូវបានប្រជាការពារ ឃាត់ខ្លួនបានក្នុងពេលពួកគេលើកលបយកត្រីពីរបាំងអួនក្រឡាញឹកនៅក្នុងតំបន់អភិរក្សសេះសាង ស្ថិតក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌។ ជនល្មើស និងវត្ថុតាងត្រូវបានប្រគល់ឲ្យសមត្ថកិច្ចរដ្ឋបាលជលផលសង្កាត់បរិបូណ៌ ចាត់ការតាមផ្លូវច្បាប់តាមការបញ្ជាររបស់លោកនាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង ។
ជនល្មើសករណីទី១មានឈ្មោះ ហូ អាយុប្រមាណជាង៤០ឆ្នាំ និងកូនប្រុសតូចៗ២នាក់ រស់នៅភូមិបេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បាននាំគ្នាបើកបាឡា១គ្រឿងចូលទៅលើកលបដែលរូបគេបានដាក់របាំងសាច់អួនក្រឡាញឹកទំហំ៣លី មានប្រវែងប្រមាណជាង២០០ម៉ែត្រកាត់ទទឹងព្រែក នៅចំណុចសេះសាងជាតំបន់អភិរក្ស។ ពេលគេកំពុងប្រុងប្រៀបលើកលបលូសាច់អួន ក្រុមអ្នកកាសែតនៅក្បែរនោះបានទៅដល់ ធ្វើឲ្យ ឈ្មោះ ហូ លោតទឹកហែលចូលព្រៃគេចខ្លួនបាត់ ចោលកូនទាំង២នាក់និងកាណូតបាឡាស្មាច់របស់គេ។
ករណីទី២ ជនល្មើស២នាក់ បានបើកកាណូតបាឡាស្មាច់១គ្រឿង ម្នាក់ឈ្មោះ សុខ ផាន់ អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផាន់ ផាត អាយុ២៣ឆ្នាំ រស់នៅភូមិអន្លុងត្នោត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បានបើកចូលទៅលើកលបនៅក្នុងព្រៃមាត់បឹងសេះសាង តែដោយគេដឹងថាគ្នីគ្នាមួយកាណូតទៀតត្រូវបានប្រជាការពារ ឃាត់ខ្លួន ពួកគេបានដកបង្គោលរបាំងដាក់លើទូកចេញមកវិញ។ ខណៈពួកគេចេញមកវិញប្រជាការពារភូមិកោះតាម៉ូវ បានឃាត់សួរនាំ ក៏ឃាត់កាណូត និងវត្ថុតាងមានបង្គោលរបាំង លបជាង១០០ដើម និងត្រីជាង ២០គីឡូនៅលើកាណូត ហើយរាយការណ៏ឲ្យលោក សោម ភិរុណ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ហើយលោកនាយខ័ណ្ឌប្រាប់ថាឃាត់ឲ្យជាប់ លោកនឹងឲ្យលោកនាយសង្កាត់នេសាទស្រុកបរិបូណ៌ និងប្រធានក្រុមការពារតំបន់អភិរក្សទៅទទួលយកកសាងសំណុំរឿងតាមផ្លូវច្បាប់បញ្ជូនទៅសាលាដំបូងខេត្ត។
រណីទី២ ពួកគេបានប្រមូលរបាំង២ មានប្រវែងជាង៣០០ម៉ែត្រ ហើយបានសហការជាមួយសមត្ថកិច្ចជួយរុះរើរបាំងសាច់អួនទាំង៣ខ្សែមានប្រវែងជាង៥០០ម៉ែត្រទុកជាវត្ថុតាងនៃបទល្មើសទាំង២ករណីខាងលើនេះ។
ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋ និង ប្រជាការពារខកចិត្តវិញនោះ គឺជនសង្ស័យ២នាក់ក្នុងករណីទី២ត្រូវបានសមត្ថកិច្ចដោះលែងទៅវិញដោយប្រាប់ថា ពួកគេគ្រាន់តែបានបើកកាណូតឆ្លងកាត់មិនបានប្រព្រឹត្តបទល្មើសនេសាទជាក់ស្តែងឡើយ ដូច្នេះមិនអាចឃាត់ខ្លួនគេបានឡើយ។ ចំណែកកុមារ២នាក់ដែលជាកូនជនសង្ស័យឈ្មោះ ហូរ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យលោកមេឃុំផ្លូវទូក ស្រុកកំពង់លែង ដើម្បីទុករូបគេប្រគល់ឲ្យក្រុមគ្រួសារវិញ។
គួររំឭកថា កាលពីអាទិត្យមុនលោក ចេង ញាន់ អភិបាលរងខេត្ត, លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត, លោក មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្ត, និងលោក សោម ភិរុណ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ត្រូវបានមន្ត្រីខណ្ឌ័រដ្ឋបាលជលផលខេត្តបានចុះទៅពិនិត្យមើលនៅក្នុងតំបន់អភិរក្សសេះសាង ហើយប្រធានអភិរក្ស លោក ឈឹម បាន បានប្រាប់ឲ្យដឹងថា នៅក្នុងតំបន់អភិរក្សមួយនេះ បទល្មើសរបាំងសាច់អួនត្រូវបានបង្ក្រាបអស់ហើយ។
ប៉ុន្តែក្រោយពេលទទួលបានរបាយការណ៍ពីប្រជាពលរដ្ឋ, ប្រជាការពារ រួមទាំងក្រុមអ្នកកាសែតបាន ចុះទៅមើលម្តងទៀត ក៏បានរកឃើញថាមានករណីនេសាទស្មើលច្បាប់នៅក្នុងតំបន់នោះដ៏ដែល។
គួរបញ្ជាក់ថា ប្រជានេសាទនៅក្នុងឃុំកំពង់ព្រះគគីរបានសំណូមពរដល់លោកអភិបាលខេត្ត លោកនាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មេត្តាប្តូរលោក ឈឹម បាន ប្រធានការពារដែនអភិរក្សនោះចេញទៅប្រសិនបើមិនមានចំណាក៏ថ្មីណាមួយឲ្យសមស្រប ព្រោះរបាំងសាច់អួនរាប់រយមែត្រមាននៅក្នុងតំបន់អភិរក្ស តែលោក ឈឹម បាន បែរជាមើលមិនឃើញ ឬមួយក៍……………….?? ។
ទោះយ៉ាងណាក៏ដោយគេមិនអាចធ្វើការទំនាក់ទំនងទៅលោក ឈឹម បាន ប្រធានការពារដែនអភិរក្សសេះសាង ដើម្បីធ្វើការបំភ្លឺបានទេ ៕
មតិយោបល់