ព័ត៌មានជាតិ

(មានវីដេអូ) ការតវ៉ារបស់ពលរដ្ឋនៅព្រៃវែង មិនទាន់បានលទ្ធផល ខណៈមន្ត្រីជំនាញបានត្រឹមថារាយការណ៍ទៅថ្នាក់លើ

ព្រៃវែង: ពលរដ្ឋរាប់សិបនាក់ដែលនៅក្រៅបន្ទប់ បានអន្ទះសា និងអាក់អន់ស្រពន់ចិត្តចំពោះ លោក កាង លាង ប្រធានសាខាគយ ខេត្តព្រៃវែង ដែលកាន់ក្បាលម៉ៃក្រូហ្វូន និយាយមិនឈប់និងមិនចំគោលដៅដែលពួកគាត់ចង់បាន ខណ:ពួកគាត់មិនហ៊ានកាត់ប្រសាសន៍។

ដំណោះស្រាយរវាង មន្ទីរ សាខាពន្ធដាខេត្តព្រៃវែង មន្ទីរគយនិងរដ្ឋករ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និង មន្ត្រីជំនាញពាក់ពន្ធ័ជាច្រើននាក់ទៀតបានជួបប្រជុំ ជាមួយនិងពលរដ្ឋនៅក្នុងសាលាស្រុកស្វាយអន្ទរ ខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី១៣ ខែសីហានេះ ហើយកិច្ចប្រជុំនេះគឺបានរៀបចំដោយសាលាខេត្តដើម្បី ជួបពិភាក្សា រកដំណោះស្រាយរឿងពន្ធផ្លូវឡើងថ្លៃក្នុងឆ្នាំនេះដែលពលរដ្ឋបានតវ៉ានាពេលកន្លងមក។

ពលរដ្ឋនិយាយថា លោកមេគយ និយាយរឿងច្បាប់អនុក្រឹត្យ ពន្ធនាំចេញនាំចូលទំនិញសព្វសារពើ បាច់បូរហូរជាស្ទឹងច្រើនណាស់ជិតមួយព្រឹកមិនបានសាច់ការ បណ្ដាលឲ្យខាតពេលវេលាពួកគាត់ទៀតផង ព្រោះពួកគាត់ចង់ទាមទាឲ្យបញ្ចុះថ្លៃពន្ធលើរថយន្តធន់ធំឲ្យនៅដដែល គឺ ៧៥ម៉ឺនរៀលទៅបានហើយ ខណ:ឆ្នាំនេះបារ៉ែនតម្រូវឲ្យបង់ដល់ទៅ២លានរៀលឯណោះគឺច្រើនណាស់ ហើយអាចចុះឬមិនចុះ តែប៉ុណ្ណឹង។

ពួកគាត់បន្តទៀតថា ឃើញឡានធំមែន តែសុទ្ធសឹងចងការប្រាក់ធនាគារយកមកទិញទាំងអស់ហ្នឹង ឯច្បាប់ដែលតម្រូវឲ្យឡានកាត់ទ្រុងនោះពួកគាត់កាត់ជាបណ្ដើរៗហើយចំណែកដាក់ក៏មិនលើសទម្ងន់ប៉ុន្មានដែរ ក្រុមម្ចាស់រថយន្តទាំងនោះថ្ងូរថា ឥលូវនេះច្បាប់កំណត់ឲ្យដឹកបានតិច ចំណែកប្រេងក៏ថ្លៃ ហើយបែរជាតម្លើងថ្លៃពន្ធប្រចាំឆ្នាំទៅវិញ ពួកគាត់មិនសុខចិត្តទេ បើមិនចុះតម្លៃពន្ធឲ្យនៅតម្លៃដដែលទេ ពួកគាត់សម្រេចចិត្តមិនបង់ពន្ធឡើយ។

ឆ្លើយតបនិងសំណើនេះ លោកនាយករដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា លោកនឹងរៀបចំបែបបទក្នុងកិច្ចប្រជុំនេះដាក់ទៅថ្នាក់លើដើម្បីឲ្យលោកពិចារណា រឿងចុះឬមិនចុះ ឯលោក ប្រធានពន្ធដាខេត្ត ក៏បានបញ្ជាក់ចំពោះមុខពលរដ្ឋដែរថា លោកនឹងយកសំណើនេះដាក់ជូនថ្នាក់លើ តែរឿងចុះថ្លៃនោះ មិនទាន់ដឹងទេ សូមរយ:ពេល១៥ថ្ងៃទៅ៣០ថ្ងៃ លោកនឹងប្រាប់មកពលរដ្ឋវិញ ពលរដ្ឋក៏បានយល់ព្រម រង់ចាំមើលចម្លើយពីមន្ត្រីជំនាញដែលបានសន្យាផងដែរ ហើយពួកគាត់សង្ឃឹមថា អនុក្រឹត្យ និងចេញថ្មីម្ដងទៀត ដោយបញ្ចុះតម្លៃឲ្យនៅដូចឆ្នាំចាស់៕

//youtu.be/XXhAJIck-mU

photo_2016-08-14_22-12-06

photo_2016-08-14_22-12-11

មតិយោបល់