ព័ត៌មានជាតិ

អ្នកកាសែតត្រូវបានហាមចូលយកព័ត៌មានក្នុងប្រតិបត្តិការឆែកឆេរឃ្លាំងលោកអធិការសិរីសោភ័ណ

បន្ទាយមានជ័យ: អ្នកកាសែតជាច្រើននាក់ ត្រូវបានមន្ត្រីគយ និងម្ចាស់ឃ្លាំងហាមចូលយកព័ត៌មានក្នុងប្រតិបត្តិការឆែកឆេរឃ្លាំងរបស់លោកអធិការក្រុងសិរីសោភ័ណ។ ការហាមបែបនេះ បានបង្ហាញយ៉ាងច្បាស់ថា ទំនិញដែលស្តុកទុកនៅក្នុងឃ្លាំងនេះ អាចមានពាក់ព័ន្ធច្រើនជាមួយនឹងការមិនបង់ពន្ធជូនរដ្ឋ ហើយដើម្បីលាក់លៀមបិទបាំងព័ត៌មានពិសេសទុកពេលសម្រាប់ចរចាក្រៅផ្លូវការ ទើបមិនអនុញ្ញាតឲ្យអ្នកព័ត៌មានចូលផ្តិតយករូបភាព។ ជាក់ស្តែង សព្វថ្ងៃបទល្មើសរត់ពន្ធកើតមានពេញបន្ទុកនៅក្នុងខេត្តបន្ទាយមានជ័យ។

ជុំវិញការចុះឆែកឆេររបស់មន្ត្រីគយ មានប្រភពព័ត៌មានខ្លះបានលួចបង្ហើបប្រាប់អ្នកយកព័ត៌មានយើងថា ឃ្លាំងទាំងពីររបស់លោកអធិការរូបនេះ គឺមានបង្កប់ទំនិញអត់ពន្ធជាច្រើនពិសេសស្ករស។ ជារៀងរាល់ថ្ងៃ គេបានឃើញរថយន្តកាមរីតូចៗជាច្រើនគ្រឿងបានដឹកទំនិញពីព្រំដែនចូលស្តុកក្នុងឃ្លាំងនេះ។

ដូចគ្នានឹងប្រភពព័ត៌មាននេះដែរភរិយាលោក ស៊ីវ សុជាតិ ហៅ តោ ក៏ពោលទាំងក្តីឈឺចាប់នៅចំពោះមុខមន្ត្រីគយថា ការចុះឆែកឆេរនេះហាក់ដូចជាសម្លាប់កូនចៅក្នុងខេត្តពេកហើយ។ គាត់ថា គ្មានទំនិញឯណាហោះពីព្រំដែនចូលមកឃ្លាំងគាត់នោះទេ គឺរាល់ការដឹកជញ្ជូនពីព្រំដែនមកដាក់ឃ្លាំងក្នុងខេត្តសុទ្ធតែត្រូវរ៉ូវ និងបើកភ្លើងខៀវឲ្យគាត់ ទើបទំនិញអាចដឹកមកបាន។ មួយវិញទៀតស្ត្រីជាភរិយាលោកអធិការក៏បានពោលទៀតថា ទោះធ្វើបាបគាត់មែនគាត់ក៏មិនប្រកែកដែរ និងចូលរួមសហការគ្រប់ពេល តែបើមានអីចាំ…និយាយគ្នាក្រោយ។

សម្តីទាំងនេះបានសរបញ្ជាក់យ៉ាងច្បាស់ថា ទំនិញទាំងអស់ក្នុងឃ្លាំង គឺសុទ្ធតែគ្មានពន្ធ។ ដូច្នេះហើយទើបអ្នកកាសែតត្រូវគេមិនអនុញ្ញាតឲ្យចូលយកព័ត៌មាននិងផ្តិតរូបភាព៕

ពិនិត្យទំនិញអត់ពន្ធ (1)

ពិនិត្យទំនិញអត់ពន្ធ (2)

ពិនិត្យទំនិញអត់ពន្ធ (3)

ពិនិត្យទំនិញអត់ពន្ធ (4)

ពិនិត្យទំនិញអត់ពន្ធ (5)

ពិនិត្យទំនិញអត់ពន្ធ (6)

មតិយោបល់