អចលន​ទ្រព្យ

Accor Hotels ចាប់យកឱកាសទីផ្សារសណ្ឋាគារថ្នាក់កណ្តាល នៅកម្ពុជា

ក្រុមហ៊ុន Accor Hotels ដែលជាក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារលំដាប់ Top 3 នៅលើពិភពលោក បានបន្ថែមសក្តានុពលរបស់ខ្លួន នៅប្រទេសកម្ពុជាបន្ថែមទៀត បន្ទាប់ពីគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ៥ នៅកម្ពុជា គឺសណ្ឋាគារ Sofitel និងសណ្ឋាគារ Raffles។

លោក Patrick Basset នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃ ក្រុមហ៊ុន Accor Hotels បានឲ្យដឹងថា ក្រុមហ៊ុន នឹងបន្ថែមការគ្រប់គ្រងប្រតិបត្តិការទៅលើ សណ្ឋាគារលំដាប់ផ្កាយ៤ចំនួន ៣ នៅកម្ពុជាបន្ថែមទៀត ខណ:បច្ចុប្បន្ន ក្រុមហ៊ុន កំពុងគ្រប់គ្រងប្រតិបត្តិការនៅ សណ្ឋាគារ Sofitel ភ្នំពេញ និងព្រះសីហនុ និងសណ្ឋាគារ Raffles ភ្នំពេញ និងព្រះសីហនុ។

សណ្ឋាគារលំដាប់ផ្កាយ ៤ ដែលគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ ២០១៨ខាងមុខនេះ រួមមាន សណ្ឋាគារ iBIS Styles (ខេត្តសៀមរាប), សណ្ឋាគារ NOVOTEL ២សាខា នៅក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលនឹងផ្តល់ការងារជាង ៦០០កន្លែង។

ដោយសារតែ ក្រុមហ៊ុន មានបទពិសោធន៍គ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ ៥ រួចមកហើយ សណ្ឋាគារលំដាប់ផ្កាយ ៤ ទាំង ៣ខាងលើនេះ នឹងចាប់យកចំណែកទីផ្សារថ្នាក់កណ្តាល នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពោលគឺ ចាប់យកចំណែកទីផ្សារថ្មី មិនមែនលំដាប់ផ្កាយ ៥ ដូចសណ្ឋាគារ Sofitel និងសណ្ឋាគារ Raffles ឡើយ។

លោក Patrick បន្តថា ក្រុមហ៊ុន Accor Hotels សម្រេចចិត្តមកវិនិយោគនៅកម្ពុជា គឺដោយសារការមើលឃើញពី សក្តានុពលក្នុងតំបន់ ការកើនឡើងនៃបណ្តាវិនិយោគិន និងភ្ញៀវទេសចរចូលមកកម្ពុជា ស្ថេរភាពកំណើនសេដ្ឋកិច្ចល្អប្រសើរ ការកើនឡើងនៃជើងហោះហើរត្រង់មកកាន់កម្ពុជា ជាពិសេស គឺ ក្រុមហ៊ុនចង់បង្កើតឲ្យមាន បណ្តាញរឹងមាំ ទូទាំងសកលលោក។

លើសពីនេះ ក្រុមហ៊ុន ក៏មានគោលដៅផ្តល់សេវាឲ្យបានល្អបំផុត នៅកម្ពុជា ដែលនឹងអនុញ្ញាតឲ្យ ម្ចាស់សណ្ឋាគារ អាចទទួលបានកេរ្តិ៍ឈ្មោះ ក៏ដូចជា ផលចំណេញបានច្រើន។

គួរជម្រាបដែរថា ក្រុមហ៊ុន Accor Hotels មានអាយុកាលជាង ៥០ឆ្នាំហើយ ដែលមានដើមកំណើតក្នុងប្រទេសបារាំង និងឈ្មោះដើមថា «NOVOTEL» កំពុងប្រតិបត្តិការនៅក្នុង ៤១៩៥សណ្ឋាគារ (ជាង ៦សែនបន្ទប់) ក្នុងប្រទេសចំនួន ៩៥៕

មតិយោបល់