អចលន​ទ្រព្យ

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារ ចចាររួចរាល់ហើយ

កាលពីម្សិលមិញនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ចំពោះគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលមានប្រវែង ១៩០គីឡូម៉ែត្រ គ្រោងចំណាយទឹកប្រាក់ ២ពាន់លានដុល្លារនោះ បច្ចុប្បន្នត្រូវបានចចាររួចរាល់ហើយ រង់ចំាដល់ថ្ងៃចុះហត្ថលេខា នាពេលឆាប់ៗខាងមុខនេះ។

កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Liu Qi Tao ប្រធានក្រុមហ៊ុន China Road & Bridge Corporation អំពី ការជំរុញនូវការអនុវត្តគម្រោងកសាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយជាការឆ្លើយតប ភាគីចិនបានសន្យាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុង ការជួយជំរុញឲ្យការកសាងផ្លូវល្បឿនលឿននេះ បានសម្រចទៅឆាប់រហ័ស។

លោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគចិន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រោងបើកការដ្ឋានតាមផែនការ បន្ទាប់ពីពិភាក្សាពី ការផ្តល់សំណងផលប៉ះពាល់ទៅឲ្យប្រជាពលរដ្ឋរួចរាល់។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។

លោកបន្តថា ផ្លូវល្បឿនលឿននេះ អាចចេញដំណើរពីតំបន់ចោមចៅ ឬតំបន់ផ្លូវទំនប់កប់ស្រូវ ដោយស្របជាមួយផ្លូវជាតិលេខ ៤ ហើយផ្នែកខ្លះគងពីលើផ្លូវជាតិលេខ ៤ ឬតំបន់ទីប្រជុំជនមួយចំនួនផង។

លោក ស៊ុន ចាន់ថុល ធ្លាប់បានឲ្យដឹងទៀតថា គម្រោងផ្លូវល្បឿនលឿននេះ នឹងមានច្រកចេញច្រកចូលតែ ៧កន្លែងប៉ុណ្ណោះ តភ្ជាប់ទៅផ្លូវជាតិលេខ ៤ ហើយផ្លូវ Express Way នេះ ជាផ្លូវបិទជិត មិនឲ្យមានអ្វីឆ្លងកាត់នោះឡើយ។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានចុះកិច្ចព្រមព្រៀងសាងសង់ជាមួយ សាជីវកម្មស្ពានថ្នល់ចិន ដែលគម្រោងនេះ ជាប្រភេទគម្រោងសាងសង់ ដំណើរការ និងគ្រប់គ្រងដោយក្រុមហ៊ុនឯកជន មុននឹងផ្ទេរជូនរាជរដ្ឋាភិបាល (BOT)។

គម្រោងផ្លូវល្បឿនលឿន ឬហៅថា Express Way នេះ នឹងមានផ្លូវ ២ខ្សែទៅ និង ២ខ្សែមក ដែលរំពឹងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៧ និងបញ្ចប់នៅឆ្នាំ ២០២០។

នៅពេលគម្រោងនេះបញ្ចប់ វានឹងផ្តល់ប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសគឺ ចំនេញពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ ព្រោះផ្លូវ Express Way នេះ មានផ្លូវឯកទិសប៉ុណ្ណោះ មិនមានផ្លូវឆ្លងកាត់ច្រើននោះឡើយ៕

 

មតិយោបល់