អចលន​ទ្រព្យ

ការស្ថាបនាផ្លូវជាតិលេខ ៥ គ្រោងនឹងបញ្ចប់ឲ្យរួចរាល់ នៅក្នុងឆ្នាំ ២០២១

ការស្ថាបនាផ្លូវជាតិលេខ៥ ចាប់ពីភ្នំពេញ ដល់ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដែលជាគម្រោងផ្ដល់ឥណទានសម្បទាន របស់រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

លោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូនបាន បញ្ជាក់ឱ្យដឹងថា រហូតមកដល់ពេលនេះ ការស្ថាបនា ផ្លូវជាតិលេខ ៥ ចាប់ពី ភ្នំពេញ ទៅ ព្រែកក្ដាម គឺបានរួចរាល់ហើយ ប៉ុន្ដែនៅសល់ បីកង់ទៀត ចាប់ពីព្រែកក្ដាមទៅធ្លាម្អម ពីធ្លាម្អមទៅបាត់ដំបង ពីបាត់ដំបងទៅសិរីសោភ័ណ រហូតដល់ ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ កំពុងតែដំណើរការស្ថាបនា ដែលនឹងបញ្ចប់ ឱ្យរួចរាល់នៅឆ្នាំ ២០២១ ខាងមុខ។

ផ្លូវជាតិលេខ៥ គឺជាផ្លូវដែលស្ថិតនៅក្នុងហាយវ៉េអាស៊ាន និងជាផ្លូវគោលស្ថិតនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលផ្ដល់នូវសារៈសំខាន់ដោយផ្ដោតលើសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូនផលិតផល កសិផលផ្សេងៗ ដើម្បីតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក។

លោកបានអះអាងថា រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ឥណទានសម្បទានក្នុងការស្ថាបនាផ្លូវជាតិ លេខ៥ ចាប់ពីរាជធានីភ្នំពេញ ទៅដល់ ប៉ោយប៉ែតព្រំដែនកម្ពុជា ថៃ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមផ្ដល់ថវិកាបដិភាគ សម្រាប់ដោះស្រាយផល ប៉ះពាល់ដីធ្លី ផ្ទះសម្បែងប្រជាពលរដ្ឋ និងការដោះមីន ដើម្បីរំដោះផ្ទៃដីនៅតាមដងផ្លូវ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការនិងដឹកជញ្ជូន ធ្លាប់បានលើកឡើងថា ចំពោះផ្លូវជាតិលេខ៥ ពីបាត់ ដំបងទៅស៊ីសុផុន រាជរដ្ឋាភិបាលក៏នឹង ពង្រីកពី២គន្លង ទៅ៤គន្លង និងពីព្រែកក្ដាមទៅ ស៊ីសុផុន ក៏ពង្រីកទៅជា៤គន្លងផងដែរ ហើយផ្លូវជាតិ លេខ៥ ពីភ្នំពេញទៅព្រំដែនកម្ពុជា ថៃ ពង្រីកពី២គន្លង ទៅ៤គន្លងពីព្រោះផ្លូវនេះគឺជា ផ្លូវអាស៊ានHigh Way លេខ១ ដែលមានការឆ្លង កាត់ដឹកទំនិញចេញ ចូលច្រើន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងនឹង រៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើឱ្យប្រសើរ ឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគ ខាងត្បូង ព្រែកក្តាម-ធ្លាម្អម ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ៕

មតិយោបល់