មជ្ឈមណ្ឌលសូត្រដំបូងបង្អស់នៅកម្ពុជា គ្រោងនឹងចំណាយថវិកាប្រមាណ ៩ម៉ឺនដុល្លារអាមេរិក លើការសាងសង់ ដែលមានទីតាំងក្នុង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សំណង់នេះជាបន្ទប់ពិសោធន៍ ដែលនឹងស្រាវជ្រាវពីការដាំមន ចិញ្ចឹមដង្កូវនាង ផលិតសសៃសូត្រ ផលិតផលនានាពីសូត្រ។
រាជរដ្ឋាភិបាលជប៉ុន ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងគម្រោងនេះ ដែលបានចុះកិច្ចព្រមព្រៀហិរញ្ញប្បទានលើ គម្រោងសាងសង់មជ្ឈមណ្ឌលនេះ ក្រោមជំនួយឥតសំណងរបស់ជប៉ុន។
ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយឥតសំណងក្រោមគម្រោងទ្រង់ទ្រាយតូច សម្រាប់សន្តិសុខមនុស្សជាតិរបស់រដ្ឋាភិបាលប្រទេសជប៉ុននេះ គឺជាការរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ពិសេសជីវភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមបានបញ្ជាក់ថា គម្រោងជំនួយទាំងនេះ ត្រូវបានបែងចែកតាមគោលដៅសំខាន់ៗមានដូចជា៖ គម្រោងសាងសង់មជ្ឈមណ្ឌលសូត្រ ក្នុងសកលវិទ្យាល័យភ្នំពេញចំនួនជាង ៩ម៉ឺនដុល្លារ, គម្រោងសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យ និងចែកចាយបន្លែខេត្តកណ្តាលចំនួន ១១ម៉ឺនដុល្លារ, គម្រោងសាងសង់ទ្វារទឹក និងជួសជុលសំណង់លូទោល សម្រាប់ប្រព័ន្ធធារាសាស្ត្រដំរែក ខេត្តកំពង់ឆ្នាំងចំនួន ៨.៩ម៉ឺនដុល្លារ និងគម្រោងសាងសង់ផ្លូវបេតុងនៅក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុងចំនួន ៨.៩ម៉ឺនដុល្លារ។
សម្រាប់វិស័យសូត្រនៅកម្ពុជា មិនត្រឹមតែជម្រុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជម្រុញវប្បធម៌របស់ខ្មែរ ឲ្យកាន់តែល្បីល្បាញ។
គួរជម្រាបដែរថា គម្រោងនេះ មានរយៈពេល ១ឆ្នាំ ដែលអាចចាប់ផ្តើមក្នុងខែមីនាផងតែម្តង៕
មតិយោបល់