អចលន​ទ្រព្យ

Prince Real Estate Group បន្តបោះទុនលើវិស័យអចលនទ្រព្យនៅកម្ពុជា ដល់ ៥ពាន់លាន$

ក្រុមហ៊ុនព្រីនស៍ រៀល អេស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគបន្ថែមក្នុងឧស្សាហកម្ម អចលនទ្រព្យនៅកម្ពុជា ឱ្យកើនដល់ ៥ពាន់លានដុល្លារ នៅប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យសំណង់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

លោក Li Min តំណាងក្រុមហ៊ុនព្រីនស៍ រៀល អេស្ទេត បានលើកឡើងថា វត្តមានជាង ៣ឆ្នាំ ក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ក្រុមហ៊ុនបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស លើការវិនិយោគ ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយក្នុងនោះក្រុមហ៊ុន បានវិនិយោគលើគម្រោង អគារខុនដូ និងដីធ្លី ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាច្រើនទីតាំងផងដែរ ជាមួយនឹងទុនវិនិយោគសរុបជាង ១២០០លានដុល្លារ។

លោក Li Min បានបញ្ជាក់ថា ជាលទ្ធផល គិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិក សរុបប្រមាណ ៦០០នាក់ ជាមួយនឹងទុនវិនិយោគសរុបជាង ១២០០លានដុល្លារ មានដីបម្រុងទុកសម្រាប់អភិវឌ្ឍន៍ ៣៦០ហិកតា ដែលស្មើនឹងទំហំសំណង់សរុបជាង ៥លានម៉ែត្រការ៉េ។

ក្នុងរយៈពេលបីឆ្នាំនេះ ក្រុមហ៊ុនព្រីនស៍ រៀល អេស្ទេត គ្រុប បានអភិវឌ្ឍន៍ខ្លួនពីក្រុមហ៊ុន អចលនទ្រព្យធម្មតា ទៅជាសហគ្រាសចម្រុះខ្នាតធំលំដាប់អន្តរជាតិ ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធរហូតដល់ ២១ក្រុមហ៊ុន និងអង្គភាព ដែលជាការខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់ បុគ្គលិកខ្មែរ និងចិន។

ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្ដែងការសាទរ ចំពោះសមិទ្ធផលនានារបស់ក្រុមហ៊ុនព្រីនស៍ រៀល អេស្ទេត គ្រុប ក្នុង វិស័យអចលនទ្រព្យនៅកម្ពុជា ខណៈដែលវិស័យនេះ កំពុងមានការរីកចំរើនយ៉ាង ឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវិស័យនេះ នឹងនៅតែបន្តការរឹងមាំទៅមុខជាច្រើនឆ្នាំបន្ថែមទៀត៕

មតិយោបល់