អគារមន្ទីរពិសោធន៍ខ្នាតតូច ក្នុងខេត្តបន្ទាយមានជ័យ ដាក់សម្ពោធជាផ្លូវការ

ក្នុងគោលបំណងការពារសុខមាលភាពប្រជាពលរដ្ឋ និងផលប្រយោជន៍សេដ្ឋកិច្ច តាមរយ:កិច្ចសម្រួលពាណិជ្ជកម្ម និងការគ្រប់គ្រងហានិភ័យ ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋានកាំកុងត្រូលជាសេនាធិការ បានដាក់សម្ពោធនូវអគាររមន្ទីរពិសោធន៍ខ្នាតតូចទី៣ សម្រាប់សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលកន្លងមកបានប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលធំៗជាច្រើនដូចជា៖ រឹបអូសទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ទប់ស្កាត់ និងកម្ទេចទំនិញពុំមានភាពអនុលោមផ្នែកគុណភាព និងសុវត្ថិភាព នៅតាមច្រកព្រំដែនជាដើម។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរមន្ត្រីកាំកុងត្រូល ខិតខំពង្រឹងសមត្ថភាព និងស្វែងយល់ ចំណេះដឹង ព្រមទាំងបទពិសោធន៍ថ្មីៗពី ប្រទេសជិតខាងនៅក្នុងតំបន់ និងអន្តរជាតិ ហើយត្រូវខិតខំកៀវគរជំនួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់បម្រើសកម្មភាពត្រួតពិនិត្យសុវត្ថិភាព គុណភាពចំណីអាហារ ធានាបានអនុលោមភាពរបស់ទំនិញគ្រប់ប្រភេទ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលមកកម្សាន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកដែរថា តាមរយ:ការដាក់ឱ្យអនុវត្តន៍នូវថវិកាកម្មវិធី ដែលជាផ្នែកនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលលើគម្រោងកសាងមន្ទីរពិសោធន៍ខ្នាតតូចចំនួនបី ក្នុងឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។

នៅក្នុងឆ្នាំ ២០១៧ អគ្គនាយកដ្ឋាន បានកសាងបញ្ចប់អគារបីបន្ថែមទៀត នៅខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវ ហើយសម្រាប់ឆ្នាំ ២០១៨នេះ អគ្គនាយកដ្ឋាន នឹងបន្តកសាងអាគារបីទៀត នៅកំពង់ផែអន្តរជាតិភ្នំពេញ ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ (ច្រកប៉ុស្តិ៍បឹងត្រកួន)៕

មតិយោបល់