អចលន​ទ្រព្យ

Innovation Center នៃវិទ្យាស្ថានជាតិនិបទីក ចាប់ផ្តើមបើកការដ្ឋានសាងសង់

កាលពីពេលថ្មីៗនេះ នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលនវានុវត្តន៍ (Innovation Center) របស់វិទ្យាស្ថានជាតិនិបទីក។

មជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាស្ថានជាតិនិបទីកនេះ នឹងសាងសង់ឡើងមានកម្ពស់ ០៤ជាន់ និងទំហំអាគារសរុប ៧៥០០ម៉ែត្រក្រឡា គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប ដូចជា៖ -បន្ទប់ស្រាវជ្រាវ និងពិសោធន៍ -ទីតាំងសម្រាប់សាជីវកម្ម អ្នកវិនិយោគទុន សមាគមន៍ពាណិជ្ជកម្ម និងទីភ្នាក់ងាររដ្ឋាភិបាលអាចទំនាក់ទំនងបាន -សាលប្រជុំ សាលសន្និសីទ និងបន្ទប់បណ្តុះបណ្ដាល -ទីធ្លាសម្រាក និងភោជនីយដ្ឋាន -ការិយាល័យរដ្ឋបាល និងបន្ទប់រក្សាទិន្នន័យ។ល។

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានចាត់ទុកការបង្កើតឲ្យមានមជ្ឈមណ្ឌលនវានុវត្តន៍នេះ គឺជាសម្មិទ្ធិផលដ៏មានសារៈសំខាន់មួយក្នុងការជួយជំរុញដល់ការអភិវឌ្ឍន៍ ការស្រាវជ្រាវ និងនវានុវត្តន៍វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្សដែលមានសមត្ថភាពជំនាញខ្ពស់ លើកកម្ពស់ការច្នៃប្រឌិត ដោយផ្អែកលើបច្ចេកវិទ្យាឆ្លាតវៃ និងផ្ដល់នូវបរិយាកាសស្រាវជ្រាវរួមគ្នារវាងស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ និងវិស័យឯកជន ក៏ដូចជាបង្កើនធនធានចំណេះដឹងផ្នែកបច្ចេកវិទ្យាក្នុងស្រុក ដើម្បីរួមចំណែកបង្កើនការប្រកួតប្រជែងខាងសេដ្ឋកិច្ចជាមួយប្រទេសនានាក្នុងតំបន់។

កម្ពុជាត្រូវការបង្កើតនូវយន្តការផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល ស្ថាប័នអប់រំ និងវិស័យឯកជន ហើយការបង្កើតឲ្យមានមជ្ឈមណ្ឌលនវានុវត្តន៍នេះ នឹងក្លាយជាទីកន្លែងគំរូមួយក្នុងការអនុវត្តន៍នូវយន្តការភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នទាំងបីខាងលើនេះ ដោយហេតុថា មជ្ឈមណ្ឌលនវានុវត្តន៍នេះនឹងមានហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប។

ឯកឧត្ដមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ប្រតិបត្តិករទូរគមនាគមន៍ និងក្រុមហ៊ុន ISP ទាំងអស់ សូមបន្តកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិនិបទីក ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សឲ្យមានសមត្ថភាពជំនាញផ្នែកទូរគមនាគមន៍ និង ICT ឲ្យកាន់តែច្រើនឡើង ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអនុវត្តន៍នូវគោលនយោបាយសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ។

អគារមជ្ឈមណ្ឌលនាវានុវត្តន៍នេះនឹងត្រូវសាងសង់ឡើងដោយប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យ (ICT) ដែលជាមូលនិធិមួយកើតចេញពីការបង់ប្រាក់ចំណូលដុល ១% របស់ប្រតិបត្តិករទូរគមនាគមន៍ដើម្បីចូលរួមអភិវឌ្ឍន៍ដល់ការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកទូរគមនាគមន៍ និង ICT ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យ ICT របស់ប្រទេសកម្ពុជា៕

មតិយោបល់