រាជរដ្ឋាភិបាល បានប្រកាសបើកឱ្យដំណើរការ ការធ្វើចរាចរជាបណ្តោះអាសន្ន ស្ពានអាកាសទី៥ ស្តុបផ្សារដីហុយ ចាប់ពីថ្ងៃទី១២ ខែមេសា តទៅ ដើម្បីដោះស្រាយ បញ្ហាកកស្ទះចរាចរ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីដែលកំពុងមមាញឹកខ្លាំង ស្របពេលដែលប្រជាពលរដ្ឋសម្រុកចេញទៅស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះថា ក្រុមអ្នកជំនាញបានតភ្ជាប់ស្ពានអាកាស ស្តុបផ្សារដីហ៊ុយ នេះចប់រួចរាល់តាមផែនការដែលបានគ្រោងទុកដែលអាចបើកឱ្យ ប្រជាពលរដ្ឋធ្វើចរាចរជាបណ្តោះអាសន្ននៅពាក់កណ្តាលសប្តាហ៍នេះ ដើម្បីធានាឱ្យការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ។
លោកបានលើកឡើងថា រហូតមកដល់ពេលនេះ ក្រុមការងារជំនាញកំពុងសម្រុកការអ៊ុតកៅស៊ូនៅលើតួស្ពាន រួមទាំងការតុបតែងលម្អស្ពានបំពាក់ភ្លើងបំភ្លឺផ្លូវ ស្លាកសញ្ញាចរាចរណ៍ និងគូសគំនូសចរាចរណ៍ ជាដើម ដើម្បីបម្រើដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងមានសុវត្ថិភាព។
លោកបានអះអាងថា ការបើកឱ្យធ្វើចរាចរណ៍ជាបណ្តោះអាសន្ននេះនឹងចាប់ផ្តើមឡើងពីថ្ងៃទី១២ ដល់ ថ្ងៃទី១៨ ខែមេសា ហើយចាប់ពីថ្ងៃទី១៨ខែមេសាទៅស្ពាននេះ នឹងបើកឱ្យធ្វើចរាចរតែមួយចំហៀងតែប៉ុណ្ណោះ ដើម្បីបង្ហើយការតុបតែង និងអ៊ុតកៅស៊ូលើតួស្ពាន។
ជាមួយគ្នានេះដែរ គម្រោងសាងសង់ស្ពានអាកាសនេះ នឹងស្ថាបនាឱ្យហើយជាផ្លូវការ ចាប់ពីថ្ងៃទី១៥ ខែឧសភាខាងមុខ ហើយបើកឱ្យប្រើប្រាស់ទ្វេទិសតែម្តង។
លោកបន្តថា ស្ពានអាកាសទី៥ តាមបណ្តោមហាវិថីសហព័ន្ធរុស្ស៊ីដែលរំលងពីលើផ្លូវ ហាណូយ នេះគឺធ្វើឡើងដើម្បីរំដោះស្ថានភាពកកស្ទះចរាចរណ៍ដែលមមាញឹកត្រង់ ចំណុចប្រសព្វនេះ។
ការបើកឱ្យធ្វើចរាចរស្ពានអាកាសទី៥ ជាបណ្តោះអាសន្ននេះ អនុញ្ញាតឱ្យរថយន្តធ្វើចរាចរណ៍តែក្រោម៣ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលស្ពាននេះ ធ្វើមិនទាន់រួចរាល់ ១០០ភាគរយ។
សូមបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាសទី៥ ត្រង់ស្តុបផ្សារដីហុយ លើចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងផ្លូវហាណូយនេះ មានប្រវែង ៦០៥ម៉ែត្រ ទទឹង ប្រវែង ១៦.៥០ម៉ែត្រ ត្រូវបានសាងសង់ឡើងកាលពីចុងខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ ដោយក្រុមហ៊ុនចិន៕
មតិយោបល់