សួនសត្វភ្នំពេញសាហ្វារី គឺជាព្រៃកម្សាន្ដភ្នំពេញទី១ដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា វិនិយោគសាងសង់ដោយ អិល វ៉ាយ ភី គ្រុប (LYP Group) ដែលមាន លោកឧកញ៉ា លីយ៉ុង ផាត់ជា ម្ចាស់ក្រុមហ៊ុនផ្ទាល់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
សួនសត្វនេះ វិនិយោគអស់ទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក ដែលជាសួនសត្វដ៏ធំដំបូងគេនៅកម្ពុជាដែលបានសាងសង់នៅលើផ្ទៃដីជាង ៦០ហិតាក្នុងជំហានទី១។ សួនសត្វនេះហ៊ុមព័ទ្ធទៅដោយរចនាបថដ៏សម្បូរបែបលំនាំតាមសម័យអង្គរ ទាំងក្នុង និងក្រៅ អមជាមួយព្រៃឈើរាប់សិបហិកតា ជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់សម្រាកលំហែកាយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាព នឹងអបអរសាទរ ចំពោះក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលពេលនេះបានបង្កើតនូវសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ ដែលទីនេះនឹងក្លាយជាកន្លែងទាកទាញទេសចរណ៍កម្សាន្ត សម្រាកលំហែកាយ និងសម្រាប់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សបានមកកំសាន្ត និងសិក្សាអំពីជីវិតរស់នៅនៃសត្វដ៏កម្ររបស់កម្ពុជាយើង។ សួនសត្វនេះ ក៏នឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនដែលរស់នៅជាប់តំបន់នេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យ ក្រុមហ៊ុន លោក លីយ៉ុងផាត់ ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតពិសេសផ្លូវថ្នល់ដើម្បីបម្រើឲ្យបានគ្រប់គ្រាន់នៅក្នុងតំបន់នេះឲ្យកាន់តែងាយស្រួល។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅតំបន់នេះក្រៅពីសួនសត្វសាហ្វារីថ្មីក៏មាននូវ សណ្ឋាគារលំដាប់ផ្កាយ៥ ទីលានវាយកូនគោលទំនើប ពហុកីឡដ្ឋានជាតិ និងវិមានឈ្នះ-ឈ្នះដែលកំពុងសាងសង់ជិតរួចរាល់ហើយ។
សម្តេចតេជោបានបញ្ជាក់សារជាថ្មីថាក្រោយពីប្រទេសទទួលបាននូវសន្តិភាពពេញលេញហើយ គឺយើងបានជំរុញការកសាងប្រទេសជាតិ ដែលបានកំណត់ទិសដៅក្នុងការប្រែក្លាយកម្ពុជាអោយក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានមហិជ្ជតាប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
គួរបញ្ជាក់ដែរថា សួនសត្វដ៏ធំជាងគេមួយនេះ មានសត្វមកពីអាហ្វ្រិក និងមកពីប្រទេសផ្សេងៗទៀត។ ក្រៅពី នោះ ក៏មានសត្វជាច្រើនប្រភេទផ្សេងទៀត រួមជាមួយនឹងសួនទឹកសម្រាប់ជិះទូកលេងកម្សាន្ត និងកន្លែង ក្មេងលេងផងដែរ។ សួនសត្វនេះ ត្រូវបានសាងសង់នៅលើផ្ទៃដីជាង៦០ហិកតា ក្នុងជំហានទី១ ដែលហ៊ុម ព័ទ្ធ ទៅដោយរចនាបថដ៏សម្បូរបែបលំនាំតាមសម័យអង្គរ ទាំងក្នុង និងក្រៅ អមជាមួយព្រៃឈើរាប់សិប ហិកតា ជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់សម្រាកលំហែកាយ។
លក្ខណៈពិសេសរបស់សួនសត្វភ្នំពេញសាហ្វារី ចែកចេញជាបួនតំបន់សំខាន់ៗ មានដូចជា៖ ទី១. កន្លែង សម្តែងសត្វខ្លា, ទី២. កន្លែងសម្តែងសត្វក្រពើ, ទី៣. កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤. កន្លែងសម្តែង សត្វផ្សេងៗទៀត៕
មតិយោបល់