ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេដឹងថាបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន ៣លានអឺរ៉ូទៅក្លឹប Chapecoense ដើម្បីជាការជួយជ្រោមជ្រែង បង្កើតក្លឹបមួយនេះឡើងវិញ ក្រោយពីបានជួបរឿងអាក្រក់ធ្លាក់យន្ដហោះកាលពីម្សិលមិញនេះ។
Chapecoense ជាក្លឹបដែលទើបបង្កើតឡើងទេ ប៉ុន្តែពួកគេអាចឡើងទៅលេងពានរង្វាន់លីគកំពូលរបស់ប្រេស៊ីលបាន ហើយថែមទាំងទទួលបានជោគជ័យផងដែរ។ យ៉ាងណាមិញ កាលពីម្សិលមិញក្រុមមួយនេះបានជួបរឿងអាក្រក់មួយ ដោយធ្លាក់យន្ដហោះមួយក្រុមតែម្ដង បណ្ដាលបាត់បង់ជីវីតនៅលើយន្ដហោះនោះចំនួន៧៦នាក់ រស់រានតែ៥នាក់ប៉ុណ្ណោះ។
ហេតុការណ៍អាក្រក់នេះហើយ បានជាធ្វើឱ្យពិភពបាល់ទាត់ទាំងអស់មានការសោកស្ដាយជាខ្លាំង ហើយក៏បានចូលរួមជួយរំលែកទុក្ខផងដែរ។ ដូចគ្នានេះដែរ Ronaldo ក៏បានបង្ហាញអារម្មណ៍សោកស្ដាយមួយដែរ ហើយក៏ចូលរួមចំណែកជួយសាងក្លឹបមួយនេះឡើយវិញ ដោយបរិច្ចាគជាប្រាក់ចំនួន៣លានអឺរ៉ូ។
មួយវិញទៀត ក្លឹបនៅប្រេស៊ីលដូចជា Coritiba, Corinthians, Palmeiras, Portuguesa, Santos និងSão Paulo ក៏បានស្នើសុំដល់សហព័ន្ធបាល់ទាត់ប្រេស៊ីលដែរ ខណៈដែលពួកគេនឹងជួយក្លឹបមួយនេះ ដោយឱ្យខ្ចីជើងកីឡាករ មិនគិតប្រាក់នោះទេ ៕
មតិយោបល់