Ronaldinho វីរបុរសប្រេស៊ីល និង Juan Roman Riquelme វីរបុរសរបស់អាហ្សង់ទីន បានប្រកាសចូលលេងបាល់វិញ ដើម្បីអាចទៅចូលជួយក្រុម Chapecoense ដែលទើបតែធ្លាក់យន្ដហោះស្លាប់កីឡាករស្ទើរតែទាំងអស់។
ក្លឹប Chapecoense បានបាត់បង់កីឡាករ១៩នាក់ ក្នុងរឿងហេតុការណ៍ធ្លាក់យន្ដហោះនៅកូឡុំប៊ី។ ហេតុដូច្នេះហើយ មានក្លឹបជាច្រើនកំពុងតែព្យាយាមជួយស្រោចស្រង់ក្លឹបមួយនេះឡើងវិញ ដើម្បីឱ្យពួកគេអាចឈរជើងបានបន្ដទៅទៀត។ ខណៈដែលក្លឹបជាច្រើននៅលីគកំពូលប្រេស៊ីល បានប្រកាសថានឹងឱ្យ Chapecoense ខ្ចីជើងកីឡាករមិនគិតប្រាក់នោះ ក៏មានអតីតកីឡាករបាល់ទាត់ល្បីៗជាច្រើនផ្សេងទៀតដែរ ដែលចង់ជួយក្លឹបមួយនេះ។
Ronaldinho ជាកីឡាករដំបូងគេ ប្រកាសថានឹងចូលលេងបាល់វិញ ដើម្បីទៅជួយក្លឹបនៅស្រុកកំណើតរបស់ខ្លួន បើជាមិនអាចជួយអ្វីបានច្រើន ក៏អាចជួយបានខ្លះដែរ។ ក្រោយមកទៀត Riquelme អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិអាហ្សង់ទីន ក៏មានគំនិតដូចគ្នា ដោយរូបគេនឹងទៅចូលរួមលេងជាមួយ Chapecoense ដោយមិនមានប្រាក់ឈ្នួលអ្វីនោះទេ ត្បិតអីខ្លួនទើបតែឈប់លេងបាល់ទាត់កាលពីឆ្នាំ២០១៤កន្លងទៅប៉ុណ្ណោះ។
អ្នកទាំងពីរនេះ សុទ្ធតែមានប្រវត្តិខ្លាំងជាមួយវិស័យបាល់ទាត់ ដូច្នេះប្រសិនបើពួកគេពិតជាអាចទៅជួយក្លឹប Chapecoense មែននោះ ច្បាស់ណាស់ក្លឹបមួយនេះអាចនឹងមានសង្ឃឹមច្រើនដើម្បីបណ្ដុះថ្នាលរបស់ខ្លួនឱ្យកាន់តែល្អ ដើម្បីស្រោចស្រង់ក្លឹបឡើងវិញ៕
មតិយោបល់