ជុំវិញការព្រាងផ្លាស់ប្តូររូបមន្តលីគកំពូលកម្ពុជារដូវកាលថ្មី អ្នកចាត់ការទូទៅក្លឹបបឹងកេតអង្គរលោក បែ មករា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ប្រសិនបើប្តូរទៅលេង Play-Off ក្រុមនីមួយៗ រួមទាំងអ្នកគាំទ្រនឹងផ្តោត តែលើ២ប្រកួតចុងក្រោយ។ ប៉ុន្តែប្រសិនលេងសន្សំពិន្ទុដូចរដូវកាលមុន MCL ពិតជាបង្កើតការចាប់អារម្មណ៍ ហើយក្រុមទាំងអស់នឹងប្រឹងពេញមួយរដូវកាល។
ថ្លែងប្រាប់ Post Sport អ្នកចាត់ការឆ្នើមរូបនេះបាននិយាយថា ការលេង Play -Off អាចធ្វើឲ្យក្រុមលាក់សមត្ថភាពខ្លះដើម្បីទុកលេង២ប្រកួតចុងក្រោយ ហើយការប្រកួតវិលជុំនឹងលែងសូវតានតឹងគួរឲ្យចាប់អារម្មណ៍ព្រោះលេខ១វគ្គវិលជុំ គង់តែមក Play-off ជាមួយលេខ៤ដដែល។ ជាក់ស្តែងដូចកីឡាករបរទេស ក្លឹបអាចរក្សារហូតចប់ជុំទី១ ចាំយកមកក៏បាន ដើម្បីបង្រ្គប់យកកៅអី Top 4 ហើយប្រជែងនៅវគ្គ Play-Off។
ផ្ទុយពីនេះ ប្រសិនបើយករូបមន្តសន្សំពិន្ទុដូចរដូវកាលមុន លីគ នឹងល្អមើលពេញមួយរដូវកាលតែម្តង ព្រោះគ្រប់ការប្រកួតសុទ្ធតែសំខាន់ ហើយគេនឹងប្រឹងប្រែងអស់ពីលទ្ធភាព។ តួយ៉ាងដូចក្រសួងកាពារជាតិ និង បឹងកេត ឆ្នាំមុន ក្រុមទាំងពីរបានប្រឹងប្រែងលេងយ៉ាងខ្លាំង ដើម្បីសន្សំពិន្ទុយកជើងឯករហូតដល់ចប់រដូវកាល លើសខ្វះគ្នាតែ១ពិន្ទុប៉ុណ្ណោះ។
បន្ថែមលើនេះលោក បែ មករា បន្តថា ដើម្បីជាការលើកទឹកចិត្តដល់ក្លឹបតូចៗដែលមានសង្ឃឹមឈ្នះពានតិច សហព័ន្ធគួរបន្ថែមប្រាក់រង្វាន់តាមចំណាត់ថ្នាក់ឲ្យដល់គ្រប់ក្រុមតែម្តង។
ចំពោះអ្នកគាំទ្រ លោកថា គួរតែលើកទឹកចិត្តនិងបង្កើតឲ្យមានក្រុមអ្នកគាំទ្រតាមក្លឹបត្រឹមត្រូវ ហើយបង្កើនទស្សនីយ៍ភាពសប្បាយៗអំឡុងពេលប្រកួតដើម្បីទាក់ទាញពួកគេមកកាន់តែច្រើន។ លោកក៏បានចាត់ទុកថា លីគកំពូលកម្ពុជា នឹងមានអ្នកតាមដានដូចរឿងភាគ ប្រសិនបើមានការលើកទឹកចិត្ត និងយកចិត្តទុកដាក់ខ្លាំងពីសហព័ន្ធ។
គួរបញ្ជាក់ថា លីគកំពូលកម្ពុជា បានផ្លាស់ប្តូរូបមន្តជាច្រើនដងរួចមកហើយ ដូចជាឆ្នាំ២០១៥ មាន Play-Off រួចក៏ប្តូរមកសន្សំពិន្ទុនាឆ្នាំ២០១៦។ ចំពោះរដូវកាល២០១៧ខាងមុខ ទោះមិនទាន់សម្រេចជាផ្លូវការ តែគេមើលឃើញថា សហព័ន្ធទំនងពិចារណាប្តូរទៅ Play-Off វិញ។ បទពិសោធន៍ Play-Off ដ៏ជូរចត់មួយគឺ បឹងកេត បានលេខ១ក្នុងវគ្គវិលជុំ បានខ្វែងទៅចាញ់ក្រុមលេខ៤ម្តងហើយ កាលពីឆ្នាំ២០១៥។
មតិយោបល់