ពានរង្វាន់កីឡាករល្អជាងគេលើលោក Ballon d’Or របស់ទស្សនាវដ្ដីល្បីឈ្មោះរបស់បារាំង នឹងធ្វើការប្រកាសលទ្ធផលនាថ្ងៃចន្ទសប្ដាហ៍ក្រោយនេះហើយ ដោយមានមតិភាគច្រើនគិតថាម្ចាស់ពានរង្វាន់មួយនេះ ប្រាកដជាបានលើ Cristiano Ronaldo មិនខាន។
ផ្ទុយពីមតិខាងលើ Neymar ខ្សែប្រយុទ្ធរបស់ FC Barcelona បែរជាគិតថាមិត្តរួមក្រុម Lionel Messi ឯណោះទេ ដែលសមជាម្ចាស់ពានមួយនេះ មិនមែនបានទៅលើ Ronaldo ឡើយ។ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបាននិយាយដូច្នេះថា៖ “ខ្ញុំមិនដឹងថានរណាជាអ្នកឈ្នះពាននេះទេ ប៉ុន្តែសម្រាប់ខ្ញុំ មានតែកីឡាករម្នាក់គត់ដែលសក្ដិសម គឺ Messi ។ Ronaldo ជាកីឡាករល្អម្នាក់ គាត់ World Class ជាច្រើនឆ្នាំមកហើយ ហើយខ្ញុំគោរពគាត់ ប៉ុន្តែ Messi នៅតែសក្ដិសមក្នុងការបានពាននេះ”។
Lionel Messi ធ្វើបានល្អតាំងពីរដូវកាលមុន ហើយសម្រាប់រដូវកាលថ្មី ២០១៦-២០១៧ នេះ រូបគេកាន់តែធ្វើបានល្អថែមទៀត ដោយរកបាន២០គ្រាប់ហើយគ្រប់ការប្រកួតទាំងអស់។ ប៉ុន្តែបើក្រឡេកទៅមើលសមិទ្ធផលរបស់ Ronaldo វិញ គឺពិតជាធំធេងមែនទែន ដោយរូបគេជួយ Real Madrid ឈ្នះពាន UEFA Champions League ហើយថែមទាំងជួយជម្រើសជាតិព័រទុយហ្គាល់ឈ្នះពាន Euro 2016 ផងដែរ៕
មតិយោបល់