ក្លឹបម្ចាស់ជើងឯកលីគកំពូលថៃ Muangthong United បានសម្រេចចិត្តធ្វើការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ខ្លួនជាមួយក្រុមLaos All-Stars និងក្រុម Sanfrecce Hiroshima របស់លីគកំពូលជប៉ុននៅដើមឆ្នាំក្រោយ។
កាលពីលើកមុន Muangthong បានមកប្រកួតមិត្តភាពជាមួយក្រុម Cambodia All Stars នៅពហុកីឡដ្ឋានជាតិមុនការប្រកួតបើករដូវកាលរបស់ពួកគេ ខណៈដែលគ្រានោះពួកគេទទួលបានលទ្ធផលមិនល្អនោះទេ។ ក្រោយពីចប់ការប្រកួតនៅគ្រានោះ អ្នកគ្រប់គ្រងរបស់ក្លឹបនៅថៃមួយនេះ បាននិយាយពួកគេអាចនឹងត្រលប់មកលេងជាមួយក្រុមកម្ពុជាម្ដងទៀតនៅលើកក្រោយ។
យ៉ាងណាមិញ សម្រាប់រដូវកាលនេះ Muangthong បែរជាមិនមកលេងជាមួយ Cambodia All Stars នោះទេ ដោយពួកគេបានយកក្រុមLaos All-Stars ជំនួសវិញ ខណៈដែលក្រោយពីចប់ការប្រកួតជាមួយក្រុមនេះទៅ ពួកគេនឹងបន្ដដំណើរទៅលេងនៅជប៉ុនទៀត។ ការទៅជប៉ុននោះទៀតសោត ក្រុមខ្លាំងរបស់ថៃនេះ នឹងត្រូវតតាំងជាមួយ Hiroshima ដែលមានចំណាត់ថ្នាក់លេខ៦នៅលីគរបស់ជប៉ុន។
Muangthong United បានក្លាយជាជើងឯករបស់លីគកំពូលថៃ ដោយរកបាន៨០ពិន្ទុពីការប្រកួត៣១ប្រកួតរបស់ពួកគេ បើទោះជាលីគត្រូវ Canceled ក្រោយពីការចូលទីវង្គត់របស់ស្ដេច Bhumibol Adulyadej ៕
មតិយោបល់