ព័ត៌មានកីឡា

Mourinho ​ថា​ឆ្នាំ​២០១៦ ​Zlatan ​ស៊ុត​បាន​៥០​គ្រាប់ ​តែ​២០១៧ ​នឹង​ច្រើន​ជាង​នេះ​ទៀត

លោក Jose Mourinho ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា Zlatan Ibrahimovic ​នឹង​រក​គ្រាប់​បាល់​បាន​លើស​៥០​គ្រាប់​នៅ​ឆ្នាំ​២០១៧​ខាង​មុខ ពោល​គឺ​លើស​ឆ្នាំ​២០១៦​នេះ ​ដែល​រូបគេ​រក​បាន​៥០​គ្រាប់​ទៅ​ទៀត។

គិត​ត្រឹម​បច្ចុប្បន្ន​នេះ ​ខ្សែ​ប្រយុទ្ធ Zlatan ​រក​បាន​៥០​គ្រាប់​ហើយ​ក្នុង​ឆ្នាំ​២០១៦​នេះ ​ខណៈ​ដែល​១០​ប្រកួត​ចុង​ក្រោយ​របស់​គេ​នៅ​បិសាច​ក្រហម ​រក​​បាន​១១​គ្រាប់​ដែរ។ ខណៈ​ដែល​ឆ្នាំ​ខាង​មុខ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ហើយ​អាច​នឹង​ទទួល​បាន​ការ​ត​កុងត្រា​ជាមួយ​ក្រុម Manchester United ​ទៀត​ផង។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ លោក Mourinho ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​រូប​នេះ ​នឹង​នៅ​តែ​ជួយ​ក្រុម​បិសាច​ក្រហម​បាន​ច្រើន​ដដែល ​ហើយ​ឆ្នាំ​២០១៧​ខាង​មុខ រូបគេ​អាច​នឹង​រក​គ្រាប់​បាល់​បាន​លើស​៥០​ឯ​ណោះ។

អតីត​កីឡាករ PSG ​រូប​នេះ ​ធ្លាប់​បាន​និយាយ​ហើយ​ថា​ខ្លួន​ដូចជា​ស្រា​អីចឹង ​អាយុ​កាន់​តែ​ច្រើន​កាល​ណា ​នោះ​សមត្ថភាព​កាន់​តែ​ខ្លាំង​ទៅ​តាម​ហ្នឹង​ដែរ។ មួយ​វិញទៀត ​រូបគេ​ក៏​ធ្លាប់​បញ្ជាក់​ទៀត​ថា​អាច​នឹង​លេង​បាល់ទាត់​រហូត​ដល់​អាយុ​៥០​ឆ្នាំ​ឯ​ណោះ ទើប​ចូល​និវត្តន៍៕

មតិយោបល់