ព័ត៌មានកីឡា

គ្រូ Lanexang ថានឹងបង្កើតភាពភ្ញាក់ផ្អើលនាថ្ងៃឆ្លងឆ្នាំ

លោក Leonardo Vitorino គ្រូបង្គោលក្រុម Lanexang United របស់ឡាវ បង្ហើបក្តីបំណងថានឹងបង្កើតភាពភ្ញាក់ផ្អើល ក្នុងជំនួបតទល់ក្លឹបបឹងកេតអង្គរ ប្រចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ TMCC 2016 នាថ្ងៃទី៣១ ខែធ្នូខាងមុខនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គ្រូសញ្ជាតិប្រេហ្ស៊ីលរូបនេះ បាននិយាយថា ជំនួបតទល់និងបឹងកេតសំខាន់បំផុតសម្រាប់ក្លឹប ហើយលោកបានរៀបចំយ៉ាងល្អដើម្បីទប់ទល់និងក្រុមដែលមានកីឡាករល្អគ្រប់តំបន់។

« មែនខ្ញុំស្គាល់បឹងកេតបានច្រើនដែរ ពួកគេមានកីឡាករជម្រើសជាតិស្ទើរគ្រប់តំបន់ រួមទាំងកីឡាករលេខ១ ប្រចាំប្រទេសម្នាក់ទៀត។ ប៉ុន្តែអ្នកជឿទៅ Lanexang នឹងបង្កើតភាពភ្ញាក់ផ្អើលដូចកាលវគ្គជម្រុះ។ យើងបានរៀបចំហ្វឹកហាត់យ់ាងល្អសម្រាប់ជំនួបដ៏ធំនេះ» សម្តីគ្រូ Lanexang ។

ទោះជាយ៉ាងណាលោកក៏ដាក់ការបារម្ភខ្លះជុំវិញ កត្តាអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ដែលពិតជាអាចជះឥទ្ធិពលដល់ឆន្ទ:កីឡាករលើទីលាន។

បឹងកេតអង្គរ នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលភ្ញៀវ Lanexang United នាល្ងាចថ្ងៃស្អែក ដើម្បីដណ្តើមកៅអីមួយទៅជួប Buriram របស់ថៃនៅវគ្គផ្តាច់ព្រ័ត្រ។

មតិយោបល់