ព័ត៌មានកីឡា

Manny Pacquiao ​ព្រម​វ៉ៃ​ជាមួយ​ Conor McGregor ​បើ Floyd ​មិន​ហ៊ាន​ទេ​នោះ

អ្នក​ប្រដាល់​ចិត្ត​សឿង Manny Pacquiao ​បាន​ប្រកាស​ថា​ខ្លួន​ហាន​ឡើង​សង្វៀន​ប្រកួត​ជាមួយConor McGregor ​ប្រសិន​ណា​បើ Floyd Mayweather ​មិន​ហាន​សាកល្បង​ចូល​ប្រកួត​ជាមួយ​កំពូល​អ្នក​វាយ​ក្នុង​ទ្រុង​រូប​នេះ​ទេ​នោះ។

ការ​និយាយ​បែប​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​លេច​ឮ​ដំណឹង​ជា​យូរ​មក​ហើយ​ថា McGregor ​ចង់​វាយ​ជាមួយ Floyd ​ហើយ​អ្នក​ទាំង​ពីរ​នេះ​ពិត​ជា​អាច​ឡើង​វាយ​បាន​ប្រាកដ​មែន ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​អ្វី​កើត​ឡើង​នោះ​ទេ។ ត្បិត​តែ Pacman ​ហាន​បោះ​សម្ដី​យ៉ាង​នេះ​មែន ​ប៉ុន្តែ​កីឡាករ​ហ្វីលីពីន​រូប​នេះ​ប្រកាន់​ខ្ជាប់​ថា​រូបគេ​ឡើង​វ៉ៃ​បាន​ក្នុង​ប្រភេទ​កីឡា​ប្រដាល់​ប៉ុណ្ណោះ ​មិនមែន​ជា​ការ​វាយ UFC ​អ្វី​នោះ​ទេ។

Pacquiao ​សរសើរ​ចំពោះ​ការ​ប្រយុទ្ធ​របស់​ McGregor ​ចំពោះ​ការ​វាយ​ក្នុង​ទ្រុង​របស់​គេ ​ប៉ុន្តែ​ប្រសិន​បើ​គេ​ហាន​ចូល​សង្វៀន​ប្រកួត​ប្រដាល់​វិញ នោះ​លោក​មិន​ខ្លាច​ឡើយ។ នេះ​ជា​មតិ​ផ្ទុយ​មួយ​ពី​កីឡាករ​មិន​ដែល​ចាញ់​អាមេរិក Floyd ​ដែល​មាន​លក្ខខណ្ឌ​ទាល់តែ​មាន​តម្លៃ​ខ្លួន​គ្រប់គ្រាន់​ទើប​រូបគេ​ឡើង​វាយ​បាន។

យ៉ាងណាមិញ ​រឿង​នេះ​កើត​ឡើង​បាន​ឬ​មិន​បាន ​គឺ​អាស្រ័យ​ទៅ​លើ​ McGregor ​ព្រោះ​រូបគេ​បាន​និយាយ​ថា​ចង់​ប្រកួត​តែ​ជាមួយ Floyd ​ម្នាក់​ប៉ុណ្ណោះ ​អ្នក​ប្រដាល់​ផ្សេង​ទៀត​ដូចជា​មិន​មាន​ពាក់ព័ន្ធ​នោះ​ទេ៕

 

 

មតិយោបល់