« យើងកាតក្រហមពីរទៅហើយ នៅដើមតង់ទី១ អញ្ចឹងខ្ញុំនិងមិត្តរួមក្រុមមិនអាចនៅស្ងៀមបានទេ។ ពួកយើងត្រូវតែរត់គ្រប់កន្លែងដើម្បីការពារទីរបស់យើង។» នេះជាសម្តីប្រធានក្រុមបឹងកេតអង្គរ ឃួន ឡាបូរ៉ាវី ក្រោយបញ្ចប់ការប្រកួតកាលពីយប់មិញដោយលទ្ធផលស្មើ Lao Toyota 1-1។
ម្ចាស់លេខ៩រូបនេះបញ្ជាក់ថា ដោយសារតែក្រុមបាត់បង់សមាជិកសំខាន់ដល់ទៅ២នាក់ ទើបគេមិនអាចនៅស្ងៀមឬលេងតែមួយកន្លែងបាន។ កីឡាករទាំងអស់បង្ហាញឆន្ទៈរួមគ្នាលើទីលាន ដោយធ្វើចលនាចុះឡើងគ្រប់តំបន់ធ្វើម៉េចកុំអោយតែក្រុម១១នាក់ដាក់សម្ពាធបន្ថែម។
បូរ៉ាវី បន្តថា ស្ថានភាពនៃការរក្សាលទ្ធផលគ្មានអ្នកចាញ់យប់មិញពិតជាលំបាក ប៉ុន្តែជើងទី២ក្រុមជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៦មានភាគរយខ្ពស់ក្នុងការប្រជែងយកជ័យជម្នះលើក្រុមឡាវ។
បឹងកេត ដែលមានគ្នាត្រឹម៩នាក់ បានបញ្ចប់ការប្រកួតជើងទី១ តទល់ក្រុម Lao Toyota ដោយលទ្ធផល ១-១។ ជើងទី២ក្រុមកម្ពុជា និងហោះទៅប្រកួតនៅទឹកដីឡាវ នាថ្ងៃទី៧ ខែកុម្ភៈ ខាងមុខ។
មតិយោបល់