ព័ត៌មានកីឡា

Messi ​និង Suarez ​ធ្វើ​ស៊ី AT Madrid ​ក្នុង​ដី​យប់មិញ ​សង្ឃឹម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ

ក្នុង​ពាន Copa del Rey ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់មិញ​នេះ ​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​ក្រុម Altletico Madrid ​ក្នុង​លទ្ធផល ២-១ ​ក្រៅ​ដី​ដោយ​ធ្វើ​បាន​សម្រេច​ពី​កីឡាករ Luis Suarez ​និង Lionel Messi ។

ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នេះ​ដែរ ​ម្ចាស់​ផ្ទះ AT Madrid ​មិន​សូវ​មាន​ឱកាស​ក្នុង​ការ​ស៊ុត​គ្រាប់​បាល់​នោះ​ទេ ដោយ​ពួកគេ​ស៊ុត​បាន​ចំ​គោល​ដៅ​តែ​៣​ដង​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​ចំពោះ​ការ​លេង​វិញ​ដូចជា​មិន​ខុស​ពី​រាល់​ដង​ឡើយ ដោយ​ពួកគេ​ទទួល​បាន​កាត​ជា​ច្រើន រហូត​ដល់​៥​កាត​លឿង​ឯ​ណោះ។

បើ​និយាយ​ពី​គ្រាប់​បាល់​វិញ ​ក្រុម Barcelona ​រក​បាន​តាំង​ពី​ដើម​តង់​ទី​១​ម្ល៉េះ ​ដោយ​ខ្សែ​ប្រយុទ្ធ Suarez ​ធ្វើ​បាន​ត្រឹម​នាទី​ទី​៧ ​មុន Messi ​ថែម​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៣៣។ ​មួយ​គ្រាប់​ដែល​ AT Madrid ​រក​បាន​គឺ Griezmann ​នៅ​នាទី​៥៩។

ជ័យជម្នះ​ក្នុង​ដី AT Madrid ​នេះ​ដែរ ​​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​មាន​សង្ឃឹម​កាន់​តែ​ច្រើន​ហើយ​សម្រាប់​ការ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Copa del Rey ​នេះ ព្រោះ​ជើង​ទី​២​ពួកគេ​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី Camp Nou ​វិញ​ម្ដង៕

មតិយោបល់