ព័ត៌មានកីឡា

Zidane ​បញ្ជាក់​ទី​តាំង​ដែល Ronaldo ​ចូល​ចិត្ត​បំផុត ​មិន​មែន​ដូច​អ្នក​គិត

លោក Zinedine Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា Cristiano Ronaldo ​មិនមែន​ចូល​ចិត្ត​លេង​នៅ​តំបន់​ប្រយុទ្ធ​កណ្ដាល​នោះ​ទេ ​រូបគេ​ចូល​ចិត្ត​បំផុត​ការ​លេង​ស្លាប​អូស​ទៅ​កណ្ដាល​បោះ​ឱ្យ​ខ្សែ​ប្រយុទ្ធ។

ប៉ុន្មាន​ប្រកួត​មក​នេះ Ronaldo ​ហាក់​ដូចជា​មិន​សួវ​សង្វាត​ស្វែង​រក​គ្រាប់​បាល់​ឡើយ ​ដោយ​រូបគេ​បាន​ដើរ​តួ​ជា​អ្នក​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ទៅ​វិញ។ តួយ៉ាង​ដូចជា​ការ​ប្រកួត​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ​ជា​ដើម ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​បោះ​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ជា​និច្ច ​ក៏​ដូចជា​បង្កើត​ឱកាស​ជា​ច្រើន​សម្រាប់​ក្រុម​ទាំង​មូល។

ចំពោះ​រឿង​នេះ​ដែរ Zidane ​បាន​និយាយ​ដូច្នេះ​ថា​ Ronaldo ​គេ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​ណាស់ ​មិន​ដូច​អ្នក​គាំទ្រ​ដែល​តែងតែ​រិះគន់​នៅ​ពេល​គេ​រក​គ្រាប់​បាល់​មិន​បាន​នោះ​ទេ។ តំណែង​ដែល​កីឡាករ​រូប​នេះ​ចូល​ចិត្ត​លេង​បំផុត​មិន​មែន​ជា​តំណែង​ប្រយុទ្ធ​កណ្ដាល​ដែល​ចាំ​តែ​រក​គ្រាប់​បាល់​ឡើយ។ រូបគេ​ចូល​លេង​ខ្សែ​បម្រើ​ស្លាប ​ដែល​អូស​បាល់​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​ដើម្បី​ស៊ុត ​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ស្រាប់​ប៉ុន្មាន​ប្រកួត​មក​នេះ។

Real Madrid ​នឹង​ត្រូវ​ប្រកួត​ពាន La Liga ​នៅ​យប់​នេះ​ហើយ ​ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Valencia ​ដែល​កំពុង​តែ​ត្រូវ​ការ​ពិន្ទុ​ចាំ​ដាច់​ដើម្បី​ស្រោចស្រង់​ខ្លួន​ចេញ​ពី​តំបន់​កាត់​ចោល។ ខណ:​ដែល​ក្រុម​អធិរាជ​ស​វិញ​ក៏​ត្រូវ​ការ​ពិន្ទុ​ខ្លាំង​ណាស់​ដែរ ​ដើម្បី​រក្សា​តំណែង​កំពូល​តារាង​បន្ដ​ទៅ​ទៀត៕

មតិយោបល់