ព័ត៌មានកីឡា

Luis Enrique ​ប្រកាស​នឹង​ចាកចេញ​ពី Barcelona ​នៅ​ចប់​រដូវ​កាល​នេះ

លោក Luis Enrique ​បាន​ប្រកាស​ថា​នឹង​ចាកចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម FC Barcelona ​នៅ​ពេល​ចប់​រដូវ​កាល​នេះ ​ខណៈ​ដែល​ក្រុម​ខ្លាំង​របស់​អេស្ប៉ាញ​មួយ​នេះ​ក៏​កំពុង​តែ​ស្វែង​រក​អ្នក​ជំនួស​ដែរ។

Barcelona ​បាន​ប្រកាស​រឿង​ដែល​ភ្ញាក់ផ្អើល​មួយ​នេះ ​ក្រោយ​ពី​ក្រុម​យក​ឈ្នះ​លើ Sporting Gijon ​ក្នុង​លទ្ធផល ៦-១ ​កាល​ពី​យប់មិញ​នេះ។ ខណៈ​ដែល​ពេល​ចប់​ការ​ប្រកួត​ភ្លាម ​លោក Luis ​បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​តែ​ម្ដង​ថា​លោក​នឹង​ចាកចេញ​ពី Nou Camp ​នៅ​ពេល​ចប់​រដូវកាល​នេះ​ហើយ។ ការ​ចាកចេញ​នេះ​ដែរ ​គឺ​មាន​មូលហេតុ​ថា​អ្នក​ចាត់ការ​រូប​នេះ​នឿយហត់ ​ហើយ​ចង់​មាន​ពេល​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់។

បុរស​វ័យ​៤៦​ឆ្នាំ​ខាង​លើ​នេះ​បាន​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ ​ហើយ​ក៏​បាន​ជួយ​ក្រុម​ Barcelona ​ឈ្នះ​ពាន​ដល់​ទៅ​៣​ក្នុង​មួយ​រដូវកាល​ដំបូង ​និង​ឈ្នះ​ពាន​២​ទៀត​កាល​ពី​រដូវកាល​មុន​ផង​ដែរ។ លោក​គឺ​ជា​អតីត​កីឡាករ​របស់​ក្រុម​អ្នក​មាន​បុណ្យ ​ដោយ​លេង​បាន​៨​រដូវ​កាល ​ហើយ​ទើប​តែ​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០០៤។ Luis ​ក្រោយ​ពី​ចូល​និវត្តន៍​ទៅ ​បាន​បង្វឹក​ក្រម​យុវជន​របស់ barca ​ពី​ ឆ្នាំ​២០០៨​ដល់​២០១១ ​មុន​ពេល​ទៅ​ដឹក​នាំ​ក្រុម Roma ​និង Celta Vigo ​ហើយ​ក៏​មក​ Barcelona ​ធ្វើ​ជា​អ្នក​ចាត់ការ​តែ​ម្ដង៕

មតិយោបល់