Thibaut Courtois អ្នកចាំទីក្រុម Chelsea ថាលោក Jose Mourinho កំពុងតែដឹកនាំក្រុម Manchester United ដើរទៅតាមគន្លងខុសទៅៗ ហើយអាចនឹងក្លាយជាក្លឹបអាក្រក់មួយនៅអង់គ្លេសទៀតផង។
Ander Herrera ខ្សែបម្រើរបស់ Man Utd ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហមបណ្ដេញចេញ ក្រោយពីបង្កកំហុស២ដង នៅពេលដែលប្រកួតជាមួយ Chelsea ក្នុងពានរង្វាន់ FA Cup ។ មិនត្រឹមតែប៉ុណ្ណឹង ខ្សែការពារ Marcos Rojo ក៏អាចនឹងត្រូវពិន័យផងដែរ ក្រោយពីបានបង្កកំហុសចេតនាទៅលើ Eden Hazard ក្នុងប្រកួតនោះ ប៉ុន្តែសំណាងអាជ្ញាកណ្ដាលមើលមិនឃើញ។

ដោយមើលឃើញពីចំណុចអាក្រក់ៗរបស់ Man Utd នេះហើយ បានជាធ្វើឱ្យ Courtois ដែលជាអតីតកូនក្រុមរបស់លោក Jose ដែរនោះ បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ពួកគេបានបង្កកំហុសច្រើននិងប្រឹងប្រែងខ្លាំងណាស់។ នេះគឺជាស្ដាយរបស់ Mourinho ។ United បានព្យាយាមបង្កកំហុសមកលើ Chelsea ច្រើន ពួកគេគិតថានេះជាប្រកួតរបស់ពួកគេ ហើយនេះជាអ្វីដែលពួកគេទទួលបានពីអ្នកចាត់ការរបស់គេ។ នេះជាចំណុចមិនល្អឡើយសម្រាប់ក្រុមបិសាចក្រហម បើនៅតែធ្វើដូច្នេះទៀត”។
ក្រុម Man Utd ទទួលបានការពិន័យច្រើនពីខាងសហព័ន្ធបាល់ទាត់អង់គ្លេស ទាំងកីឡាករនិងអ្នកចាត់ការ ក្រោយពីសហព័ន្ធមួយនេះរកឃើញថាក្រុមនៅ Old Trafford នេះ ពិតជាបង្កកំហុសធ្ងន់ធ្ងរត្រូវដាក់ពិន័យមែន៕
មតិយោបល់