ព័ត៌មានបច្ចេកវិទ្យា

ចេញហើយ! មុខងារចុចបង្ហាញអារម្មណ៍ Reactions លើ Messenger ប្លែកភ្នែកតែម្តង

កាលពីដើមខែ ក្រុមហ៊ុន Facebook គ្រោងនឹងបញ្ចេញមុខងារ ជារូបភាពសម្រាប់ចុចបង្ហាញអារម្មណ៍ (Reactions) ទៅក្នុងកម្មវិធី Facebook Messenger។

ជាមួយនឹងមុខងារនេះ អ្នកប្រើប្រាស់កម្មវិធី Messenger អាចចុចជាប់លើសារណាមួយ រួចជ្រើសរើសរូបភាពបង្ហាញអារម្មណ៍ណាមួយ មានដូចជា ស្រលាញ់ (Love), ញញឹម (Smile), ភ្ញាក់ផ្អើល (Wow), កម្សត់ (Sad), ខឹង (Angry), ចូលចិត្ត (Like) និង មិនចូលចិត្ត (Dislike)​ ជាជាងការចំណាយពេលសរសេរអក្សរវែងឆ្ងាយ។ អ្នកប្រើប្រាស់ប្រាកដជាអាច មើលឃើញនូវរាល់រូបអារម្មណ៍នីមួយៗដែលបានប្រើរួច ស្ថិតនៅកែងខាងស្តាំនៃសារ។

ជាការពិតណាស់ ថ្ងៃនេះវាបានបង្ហាញខ្លួនលើកម្មវិធី Messenger ហើយ។​ ដូចដែរក្រុមហ៊ុនបណ្តាញសង្គមយក្ស បានប្រកាសថា Messenger អាចដំណើរការបានជាមួយមុខងារ Reactions និងមុខងារ Mentions មួយថ្មីថែមទៀត។

Mentions វាជាមុខងារដែលធ្លាប់តែមាននៅលើកម្មវិធី Facebook អនុញ្ញាតឲ្យលោកអ្នកវាយអក្សរ @ ចំពីមុខឈ្មោះមិត្តភក្តិណាម្នាក់ ឬច្រើននាក់ ដើម្បីហៅពួកគេឲ្យចូលមកត្រង់ទីនោះ ហើយនៅពេលនេះ វាបានបង្ហាញខ្លួននៅលើ Messenger តែម្តង អនុញ្ញាតឲ្យអ្នកប្រើប្រាស់ វាយអក្សរ @ រួចសរសេរឈ្មោះមិត្តភក្តិ ដើម្បីហៅពួកគេចូលមកក្នុងសារដែលកំពុងឆ្លើយឆ្លងគ្នា។

មុខងារទាំង ២ ចេញមកហើយនៅក្នុងថ្ងៃនេះ ហើយនឹងរីកសុះសាយពេញសាកលលោក ក្នុងពេលដ៏ខ្លីខាងមុខ៕

 

ប្រភពព័ត៌មាន៖ iphonehacks.com

មតិយោបល់